(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានថ្លែងជំរុញដល់សិក្ខាកាម ដែលបានរៀនចប់ជំនាញបច្ចេកទេសជួសជុល ថែទាំផ្លូវថ្នល់ទាំង៤៨នាក់ ត្រូវយកចំណេះជំនាញនេះ ទៅបម្រើការងារឲ្យបានល្អប្រកបដោយគុណភាពពិត ស្មោះត្រង់ និងដាក់ចិត្តលើការងារនេះឲ្យពិតប្រាកដ ដើម្បីធានាបានថា ផ្លូវថ្នល់ដែលល្អស្អាតស្រាប់នោះ នឹងត្រូវបានថែទាំបានល្អ ឬជួសជុលបានល្អ ប្រកបដោយបច្ចេកទេសពិតប្រាកដ និងមានគុណភាពខ្ពស់។
លោកប្រធានមន្ទីរ បានថ្លែងជំរុញបែបនេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញបច្ចេកទេសជួសជុល ថែទាំផ្លូវថ្នល់ នៅសាលប្រជុំមន្ទីរ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីនេះ ក៏មានវត្តមានលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរផងដែរ។
លោកប្រធានមន្ទីរ ក៏បានសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រងវគ្គគ្រូបង្គោល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគ្រួសារមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើកវគ្គបណ្ដុះបណ្ដាលនេះឡើង។ លទ្ធផលខាងលើនេះ សបញ្ជាក់អំពីធនធានមនុស្សសម្រាប់ការអនុវត្តស្ថាបនាផ្លូវថ្នល់ជួសជុល និង ថែទាំ ប្រកបដោយសក្កដានុពល ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តការងារនៅការដ្ឋាននានា ក្នុងគម្រោងឆ្នាំ២០២៤ ដែលនឹងបើកការដ្ឋាន នាពេលដ៏ខ្លីខាងមុខនេះ។
លោកប្រធានមន្ទីរ ក៏បានដាក់ក្ដីសង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់ របស់ការិយាល័យចំណុះមន្ទីរ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការខិតខំបំពេញការងារ ទាំងនៅក្នុងអង្គភាព និងតាមការដ្ឋាន ការផ្ដល់សេវាសាធារណៈ ការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការងារជួសជុលថែទាំផ្លូវថ្នល់ប្រកបដោយគុណភាពប្រសិទ្ធភាពទាន់ពេលវេលា ឆ្លើយតបនឹងទំនុកចិត្តរបស់សាធារណៈជនទូទៅពិសេសប្រជាពលរដ្ឋអ្នកទទួលបានសេវា៕