(កែប)៖ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា សម្រាប់ខេត្តកែប ក្នុងរដូវកាលផលិតអំបិល ដោយឡែករយៈពេល២ខែ ដើមឆ្នាំ២០២៤ (មករា-កុម្ភៈ) ទិន្នផលអំបិល ដែលផលិតបាន សរុបចំនួន ៣,៩៧០តោន បើធៀបរយៈពេល២ខែដូចគ្នា ក្នុងឆ្នាំ២០២៣ សរុបតែ៥០តោន មានការកើនឡើងចំនួន ៣,៩២០តោណ ស្មើនឹង៧,៨៤០%។
លោក ភោគ សុខេន បានបញ្ជាក់ថា ទាំងអស់នេះ ដោយសារកត្តាអាកាសធាតុអំណោយផល មានការឡើងកម្ដៅខ្លាំងដល់ដំណើរការផលិតកម្ម។
លោកប្រធានមន្ទីរឧស្សាហកម្មខេត្តកែប បញ្ជាក់ឲ្យដឹងទៀតថា៖ ទូទាំងខេត្តកែប មានផ្ទៃដីស្រែអំបិលសរុប ៤៩៧.៨៧ ហិកតា ដែលមានកំណត់ជាប្រភេទដី រួមមាន៖ ប្រភេទដីហាល, ដីស្រែបណ្ដុះ និងផ្ទៃអូរទឹក។ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខេត្តមានទីតាំងសិប្បកម្មផលិតអំបិល ចំនួន ៧ទីតាំង អនុវត្តលើផ្ទៃដីសរុប ៣៣១.៥ ហិកតា។
គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ទិន្នន័យនៃការផលិតអំបិលទូទាំងខេត្តកែប រួមមាន៖ អំបិលដែលផលិតបាន (មករា-កុម្ភៈ) មានចំនួន ៣,៩៧០ តោន, អំបិលបានលក់ចេញ (មករា-កុម្ភៈ) មានចំនួន ៣៥០ តោន, តម្លៃអំបិលលក់ចេញ ៧,០០០រៀល ទៅ ១០,០០០រៀល ក្នុងមួយបាវ ស្មើនឹង ៥០ គីឡូក្រាម និងអំបិលសល់ក្នុងឃ្លាំង បូកយោងសល់ពីឆ្នាំ២០២៣ មានសរុប ៤,១៣០ តោន។
លោកប្រធានមន្ទីរ បន្តបញ្ជាក់ទៀតថា បញ្ហាប្រឈមចំពោះសិប្បកម្មអំបិល គឺតម្លៃអំបិលមានការចុះថោក, ចំណាយថ្លៃដើមខ្ពស់ក្នុងដំណើរការផលិតកម្ម, ខ្វះកម្លាំងពលកម្ម (តម្លៃពលកម្មខ្ពស់), ផលិតកម្មពឹងផ្អែកលើអាកាសធាតុ, អំបិលពុំមានគុណភាពតាមស្តង់ដា, បច្ចេកទេសតាមបែបបុរាណ មិនទាន់មានទំនើបកម្ម និងហេដ្ឋារចនាសម្ព័ន្ធសិប្បកម្មអំបិល មានសភាពចាស់ទ្រុឌទ្រោម ខ្វះទុនបន្ថែមសម្រាប់ជួសជុល និងកែលម្អរ។
ទន្ទឹមនេះ លោកប្រធានមន្ទីរឧស្សាហកម្ម ក៏បានសំណូមពរដល់មន្ត្រី ផលិតករអំបិល និងសហគ្រាសពាក់ព័ន្ធ បន្តសហការជាមួយមន្ត្រីជំនាញ ដើម្បីគ្រប់គ្រង រក្សាដីស្រែអំបិល និងជំរុញការផលិតកម្មអំបិល ឲ្យទទួលបានទិន្នផល និងគុណភាពស្តង់ដារ។ រាល់ការទិញ-លក់ដីស្រែអំបិល ត្រូវមានការជូនដំណឹងមកមន្ត្រីជំនាញគ្រប់គ្រងដីស្រែអំបិល នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ត្រូវផលិតឲ្យបានតាមស្តង់ដារជាតិ និងសហការផ្ដល់របាយការណ៍អំពីបរិមាណផលដែលផលិតបានជាប្រចាំខែ ជូនដល់មន្ត្រីជំនាញ ឲ្យបានត្រឹមត្រូវ និងទៀងទាត់។
ក្នុងឱកាសដឹកនាំមន្ត្រីជំនាញមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក ចុះពិនិត្យដំណើរការនៃការផលិត និងការប្រមូលផលអំបិលទូទាំងខេត្ត លោកបណ្ឌិតអភិបាលខេត្តកែប សោម ពិសិដ្ឋ បានលើកឡើងពាក់ព័ន្ធអំពីការអនុវត្តគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលឲ្យកាន់តែខ្លាំង។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ផលិតករអំបិលទាំងអស់ ឲ្យខិតខំបង្កើតសមត្ថភាព បច្ចេកទេសថ្មីៗ ផលិតអំបិលមានគុណភាពស្តង់ដារ ដើម្បីជំរុញទីផ្សារក្នុងស្រុកឲ្យបានច្រើន និងការនាំចេញទៅបរទេស។ ទន្ទឹមនេះ លោកអភិបាលខេត្ត ជំរុញតាមទីតាំងសហគ្រាសធុនតូច មធ្យម និងសិប្បកម្មនានាក្នុងស្រុក ឲ្យប្រើប្រាស់អំបិលក្នុងស្រុក ឲ្យបានច្រើនជាងមុនផងដែរ។
គួររំលឹកថា ក្នុងដំណើរស្វែងយល់ ចុះត្រួតពិនិត្យស្រែអំបិល វិស័យទឹកស្អាត និងជួបសំណេះសំណាលជាមួយមន្ត្រី និងអ្នកផលិតអំបិលក្នុងខេត្តកំពត-កែប នាខែមករា ឆ្នាំ២០២៤ កន្លងមកនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញការលើកកម្ពស់គុណភាព និងស្តង់ដារ សម្រាប់ផលិតកម្មអំបិល នៅខេត្តកំពត-កែបផងដែរ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អ្នកផលិតអំបិល ឱ្យសហការជាមួយក្រសួង សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដារផលិតផល។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដោយគូសរំលេចពីអាទិភាពនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលអាទិភាពមួយរបស់រាជរដ្ឋាភិបាល គឺការចលនាដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក ដោយផ្តោតលើគុណភាព ផលិតភាព និងភាពប្រកួតប្រជែងលើទីផ្សារ ដោយលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។
អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២ -២០២៦ និងបានជំរុញឲ្យអ្នកផលិតអំបិល ឲ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។ ហើយក្រសួងកំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែសម្រួលថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន និងកំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិ ទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ ជូនដល់វិស័យឯកជន៕