(កំពង់ធំ)៖ ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ផ្លូវ ប្រព័ន្ធរំដោះទឹក និងសោភ័ណភាព នៅក្នុងផ្សារសេរីស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវដល់បងប្អូនអាជីវករ ឲ្យសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍ផ្សាសេរីស្ទោង។
ជាមួយគ្នានេះ លោកបានអំពាវនាវពុកម៉ែបងប្អូនអាជីវករ សូមជួយសហការជាមួយអាជ្ញាធរ និងអ្នកម៉ៅការសាងសង់ ដើម្បីអភិវឌ្ឍន៍ និងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងផ្សារដូចជា៖ ផ្លូវក្នុងផ្សារ ប្រព័ន្ធបង្ហូរទឹក ដែលបានកកស្ទះឲ្យកាន់តែប្រសើរឡើងវិញ ឲ្យមានសោភ័ណភាព ក៏ដូចជាបរិស្ថានល្អស្រស់បំព្រងឡើងវិញថែមទៀត។
លោកបានណែនាំរដ្ឋបាល និងអាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវធ្វើការណែនាំ និងជូនដំណឹងជាបន្ទាន់ដល់បងប្អូន អាជីវករពាក់ព័ន្ធ ត្រូវធ្វើការសហការ និងរុះរើសំណង់អនាធិបតេយ្យ ដើម្បីក្រុមហ៊ុនសាងសង់ មានលទ្ធភាពគ្រប់គ្រាន់ជាក់ស្ដែង ក្នុងការកសាងនូវផ្លូវឲ្យបានធំទូលាយជាងមុន និងប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស និងទាន់ពេលវេលា។
លោក សាយ គឹមឡម បានណែនាំដល់ក្រុមហ៊ុន កូយ គឹមសាយ ដែលជាអ្នកម៉ៅការសាងសង់ត្រូវត្រូវធ្វើការសាងសង់ នូវប្រព័ន្ធបង្ហូរទឹក និងផ្លូវក្នុងផ្សារឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសគុណភាពសំណង់ និងមានសោភ័ណភាព មានលម្ហូរទឹកល្អ ហើយគ្មានការកកស្ទះ៕