(ត្បូងឃ្មុំ)៖ ប្រភពព័ត៌មានពីខេត្តត្បូងឃ្មុំបានលួចបង្ហើបអោយដឹងថាបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិនាំគោ ក្របីទៅប្រទេសវៀតណាមបានឃុបឃិតគ្នានាំចេញតាមច្រករបៀង។ ចំណែកត្រីគ្រប់ប្រភេទវិញគេនាំចូលតាមច្រកស្អំ ហើយបង់លុយអោយទៅឧកញ៉ាម្នាក់ ដែលជាអ្នកកាងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមទៅវិញ។
តាមប្រភពរាយការណ៍បានអះអាងថា បច្ចុប្បន្ននេះមានឈ្មួញជាច្រើននាក់បានរកសុីនាំត្រីរស់ចូលពីប្រទេសវៀតណាមតាមច្រកស្អំ ស្ថិតក្នុងស្រុកមេមត់ដោយបង់លុយប្រចាំខែទៅអោយឧកញ៉ាម្នាក់ ក្រោមលេសយកលុយភាសុី។ ឈ្មួញរកសុីនាំត្រីគេចពន្ធទាំងអស់នោះត្រូវបានគេស្គាល់ឈ្មោះដូចជាចែនី, ម៉ៅ នី, តាពៅ, តាសាលី, តាជក់ និងឈ្មោះធា ជាដើម។ ក្នុងនោះរាល់ការនាំត្រីគ្រប់ប្រភេទចូលតាមច្រកស្អំគឺឈ្មួញម្នាក់ៗបានបង់លុយអោយទៅឧកញ៉ា ដែលជាអ្នកកាងខាងលើ២០០០ដុល្លារក្នុងមួយខែៗជាយូរឆ្នាំមកហើយ។
ក្រោយទទួលបានលុយប្រចាំខែឧកញ៉ាខាងលើបានយកឈ្មោះថ្នាក់ដឹកនាំទៅកាងសមត្ថកិច្ចនៅតាមច្រក តាមផ្លូវមិនអោយចាប់បង់ពន្ធឡើយ។ ដោយឡែកគោ ក្របីវិញត្រូវបានឈ្មួញដែលទទួលបានច្បាប់នាំចេញតាមច្រកត្រពាំងផ្លុង បែរជាមិននាំចេញតាមច្រកស្របច្បាប់ទេ បែរជាឃុបឃិតគ្នាទៅនាំចេញតាមច្រករបៀងនៅភូមិដូង ឃុំរ៉ូង ស្រុកមេមត់ ទៅវិញ។
គេថាមូលហេតុដែលឈ្មួញមិនព្រមនាំចេញតាមច្រកស្របច្បាប់ទៅនាំចេញតាមច្រករបៀងបែបនេះ ព្រោះតែទីមួយគឺគេចពីការបង់លុយអោយសមត្ថកិច្ចអស់ច្រើន និងទី២សត្វគោក្របីដែលឈ្មួញទិញនាំចេញជាប្រភេទសត្វនៅប្រើជាកំលាំងអូសទាញបានមិនដូចទៅតាមច្បាប់អនុញាត ដែលអោយនាំចេញតែគោក្របីក្រៅពលកម្មនោះ។
អ្នកដឹងរឿងបានសំណូមពរសូមអោយថ្នាក់ដឹកនាំចាប់អារម្មណ៏លើករណីនេះផង ជាពិសេសការនាំគោក្របីចេញតែម្ដង ដែលពេលខ្លះគោមានប្រវត្តិមិនច្បាស់លាស់អាចបានមកពីផលចោរកម្មក៏អាចថាបាន៕