(ម៉ាឡេស៊ី)៖ តាមរយៈសេចក្តីថ្លែងការណ៍រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានស្វាគមន៍សម្តេចធិបតី ក្នុងនាមជាមិត្ត និងបន្តទំនាក់ទំនងដ៏អស្ចារ្យដែលម៉ាឡេស៊ី មានជាមួយសម្តេច ហ៊ុន សែន អស់ជាច្រើនទសវត្សរ៍។
លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយសម្តេចធិបតី មានការពិភាក្សាប្រកបដោយផ្លែផ្កាលើបញ្ហាជាច្រើន។ លោកបន្តថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងធនាគារជាតិកម្ពុជា និងធនាគារកណ្តាលរបស់ម៉ាឡេស៊ី គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងឡាយទាក់ទងបញ្ហារូបិយប័ណ្ណ។
លោក អាន់វ៉ា បានគូសបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលជោគជ័យលើកិច្ចសហប្រតិបត្តិការរូបិយប័ណ្ណជាមួយប្រទេសចិន និងជាមួយប្រទេសថៃ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ នឹងកាត់បន្ថយបន្ទុកនៃការពឹងផ្អែកតែលើប្រាក់ដុល្លារអាមេរិក។
លោក អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញការកត់សម្គាល់ចំពោះការវិវឌ្ឍន៍យ៉ាងលឿនហួសការរំពឹងទុកលើកិច្ចចរចាពាក់ព័ន្ធសន្តិសុខស្បៀង ការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ ការវិនិយោគ ឧស្សាហកម្មអាហារហាឡាល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំង EV និង AI។ លោក អាន់វ៉ា បានអះអាងថា ស្ថាប័នគយប្រទេសទាំងពីរ នឹងជួយសម្រួលការផ្លាស់ប្តូរទំនិញ ហើយប្រទេសទាំងពីរបានចាប់ផ្តើមពិភាក្សាគំនិតផ្តួចផ្តើមនៃការចុះអនុស្សារណៈរវាងស្ថាប័ន គយនៃប្រទេសទាំងពីររួចហើយ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក អាន់វ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់លើការធ្វើពាណិជ្ជកម្ម ប្រេងដូង និងអង្ករ។ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងប្រើប្រាស់វេទិកាគណៈកម្មាធិការបច្ចេកទេសដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និងទេសចរណ៍កាន់តែល្អប្រសើរ។ សម្រាប់ការវិនិយោគ វិញ លោក អាន់វ៉ា រំពឹងថា នឹងមានការវិនិយោគកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងពីកម្ពុជា ទៅម៉ាឡេស៊ី។
ពាក់ព័ន្ធការតភ្ជាប់បណ្តាញបញ្ជូនថាមពលអគ្គិសនី លោក អាន់វ៉ា បានគូសបញ្ជាក់ថា ក្រសួង និងស្ថាប័ន ដែលមានចំណាប់អារម្មណ៍នឹងចំណាយការសាងសង់បំពង់ថាមពលបាតសមុទ្រប្រវែង ១,០០០គីឡូម៉ែត្រ ដែលជួយសម្រួលការបញ្ជូនថាមពលកកើតឡើងវិញពីកម្ពុជា និងឡាវ ទៅសិង្ហបុរី។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកម្ពុជា ដែលបានជួយដោះស្រាយបញ្ហារបស់ជនជាតិម៉ាឡេស៊ី រងគ្រោះដោយការបោកប្រាស់ការងារ។ លោក អាន់វ៉ា បានអរគុណកម្លាំងនគរបាល និងមន្ត្រីអន្តោប្រវេសន៍របស់កម្ពុជា ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
លោក អាន់វ៉ា បានបញ្ជាក់ដែរថា ម៉ាឡេស៊ី និងកម្ពុជា នឹងធ្វើការរួមគ្នាជាមួយសហគមន៍ឥស្លាមគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈនានា ដែលជាតម្រូវការរបស់កម្ពុជា។
ពាក់ព័ន្ធការហោះហើរវិញ លោក អាន់វ៉ា បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ៤៧ជើង ក្នុងមួយសប្តាហ៍ពីកម្ពុជា ទៅទីក្រុងកូឡាឡាំពួរ និងពីកូឡាឡាំពួរ មកកម្ពុជា។ លោក អាន់វ៉ា បានបញ្ជាក់ថា លោកបានយល់ព្រមពិចារណា ពង្រីកការហោះហើរព្រោះវាមានសក្តានុពលដ៏ធំសម្រាប់ប្រទេសទាំងពីរ។
លោក អាន់វ៉ា បានគូសបញ្ជាក់ដែរថា លោក និងសម្តេចធិបតី ទទួលស្គាល់ការពិតថា អាស៊ានបានកត់ត្រាពីកិច្ចសហប្រតិបត្តិការដ៏គួរឱ្យចាប់អារម្មណ៍ក្នុងវិស័យមួយចំនួន ប៉ុន្តែពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសមាជិកអាស៊ាន នៅមានកម្រិតទាបខ្លាំង ដែលគួរត្រូវបានពង្រឹង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕