(ម៉ាឡេស៊ី)៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញពីជំហរនយោបាយនៃការធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចនៅម៉ាឡេស៊ី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ឆ្នាំនេះគឺជាខួបលើកទី៦៧ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងនេះបានកើនឡើងដល់កម្រិតថ្មីនៅក្នុងលក្ខខណ្ឌនៃទំនាក់ទំនងសេដ្ឋកិច្ច អន្តរកម្មកម្រិតខ្ពស់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ។
ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី សម្រាប់ការគាំទ្រ និងការចូលរួមនៅក្នុងវិស័យចម្រុះ ព្រមទាំងការយកចិត្តទុកដាក់ និងការសម្របសម្រួលដ៏ល្អ ជូនពលករកម្ពុជារស់នៅក្នុងប្រទេសម៉ាឡេស៊ី។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែរក្សាក្នុងក្រអៅបេះដូងនូវការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ចំពោះប្រទេសកម្ពុជា ក្នុងអំឡុងដំណើរការសន្តិភាពរបស់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា ទៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៣ ហើយដំណើរទស្សនកិច្ចរបស់សម្តេចនៅថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ជំនួបពិភាក្សាការងាររវាងសម្តេច និងនាយករដ្ឋមន្ត្រី អាន់វ៉ា បានពិភាក្សាលើបញ្ហាជាច្រើន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
សម្តេចធិបតី បានលើកឡើងដែរថា ក្នុងជំនួបសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានកត់សម្គាល់ជាមួយការពេញចិត្ត និងការបោះជំហានជាវិជ្ជមាន ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា មកកាន់ប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច និងជំនួបពិភាក្សានេះ បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យចាំបាច់ដូចខាងក្រោម៖
ទី១៖ លើផ្នែកនយោបាយ៖ សម្តេចធិបតី បានធានាចំពោះមុខលោកនាយករដ្ឋមន្ត្រី អាន់វ៉ា នូវការបន្តវិធីសាស្រ្តវិជ្ជមាន និងបរិយាបន្នរបស់កម្ពុជា ចំពោះសហគមន៍ឥស្លាម។ កម្ពុជាស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ម៉ាឡេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះ និងចាប់ផ្តើមការពិភាក្សាលើគណៈកម្មាការរួមរបស់ប្រទេសទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសង្ឃឹមថានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះមុនពាក់កណ្តាលឆ្នាំនេះ ដើម្បីចាប់ផ្តើមដំណើរការនៃការចូលរួមក្នុងវិស័យផ្សេងទៀត។
ទី២៖ លើផ្នែកសេដ្ឋកិច្ច៖ សម្តេចធិបតី បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគី ប្រទេសទាំងពីរ បានបង្ហាញឱ្យឃើញនូវនិន្នាការកើនឡើង ហើយនៅតែមានសក្ដានុពលដែលមិនទាន់បានប្រើប្រាស់ ក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចបន្ថែមទៀត។ សម្តេចធិបតី បានលើកឡើងផងដែរថា សម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត។
ពាក់ព័ន្ធសេដ្ឋកិច្ចនេះ សម្តេចធិបតី បានថ្លែងថា សម្តេចបានស្នើម៉ាឡេស៊ីឱ្យពិចារណាពីលទ្ធភាពនៃការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ។ សម្តេច និងលោកនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាលើបញ្ហានេះ ដើម្បីស្វែងរកតម្លៃបន្ថែម និងបញ្ចូលថាមពលថ្មីទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បន្ថែមពីលើនោះ សម្តេច និងលោកនាយករដ្ឋមន្ត្រីបានពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល ទំនៀមទម្លាប់ ឧស្សាហកម្មអាហារហាឡាល និងលទ្ធភាពនៃការពង្រីកការនាំចូលផលិតផលកសិកម្មនៅក្នុងប្រទេសទាំងពីរ។
ទី៣៖ ការទទួលស្គាល់សារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់៖ បញ្ហានេះ សម្តេច និងលោកនាយករដ្ឋមន្ត្រី បានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍ និងការសម្រួលការហោះហើរត្រង់បន្ថែម ដូចដែលលោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានលើកឡើងមុននេះ ជាពិសេសសម្រាប់គោលដៅបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើររវាងប្រជាជនទាំងពីរ ក៏ដូចជាភ្ញៀវទេសចរមកពីប្រទេសទីបី មកកម្សាន្តនៅប្រទេសទាំងពីរ។
ទី៤៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ៖ បញ្ហានេះ សម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរក្សាកិច្ចសហការប្រកបដោយនិរន្តរភាព រួមទាំងការផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដែលបង្កឡើងដោយការបោកប្រាស់តាមអ៊ីនធឺណិត។ ចំពោះវិស័យថាមពល កម្ពុជាបានកោតសរសើរចំពោះគោលការណ៍របស់ម៉ាឡេស៊ីចំពោះការជួយសម្រួលដល់ឡាវ-កម្ពុជា-សិង្ហបុរី លើថាមពលក្រោមសមុទ្រ គម្រោងខ្សែបញ្ជូនឆ្លងកាត់តំបន់ឆ្នេរ។ លើសពីនេះ កម្ពុជាបានស្នើម៉ាឡេស៊ីឱ្យពិចារណាលើការចូលរួមក្នុងគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនីលើសមុទ្រ និងក្រោមសមុទ្រ រវាងកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់សន្តិសុខថាមពលក្នុងតំបន់។
សម្តេចធិបតី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា សម្តេច និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា មានសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេច និងលោកនាយករដ្ឋមន្ត្រី បន្តជួប និងចែលរំលែកជាទៀងទាត់នូវទិដ្ឋភាពនៃការបង្កើនកម្រិតទំនាក់ទំនងទៅកាន់កម្រិតថ្មី៕