(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋសភា និងក្នុងនាមខ្ញុំព្រះករុណា ផ្ទាល់ ខ្ញុំព្រះករុណាមានសេចក្តីតក់ស្លុតរន្ធត់ចិត្ត ក្តុកក្តួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ សែនក្រៀមក្រំ និងសោកសៅជាទីបំផុតចំពោះមរណភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៧: ៤០ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយព្រះជរាពាធ»។
ក្នុងបរិយាកាសដ៏សែនសោកសៅ ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាពន់ពេក ប្រកបដោយសមានទុក្ខ ដ៏ធំធេងនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមថ្វាយនូវអភិវន្ទនកិច្ច ចូលរួមរំលែកនូវព្រះរាជមរណទុក្ខដ៏មហាក្រៀមក្រំ និងដោយក្ដីសោកសង្វេគជ្រាលជ្រៅស្ទើររកទីបំផុតគ្មាន។ ការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់ធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា។ ជាការពិតណាស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ស្ទើរតែពេញមួយជីវិតរបស់សម្តេច បានខិតខំលះបង់អស់កំលាំងកាយចិត្ត និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងនោះសម្ដេចបានបន្សល់ទុកនូវស្នាព្រះហស្តយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រទុកសម្រាប់ជនទាំងឡាយប្រើប្រាស់ជាធនធាន ក្នុងការចូលរួមវិភាគទានអភិវឌ្ឍន៍សង្គមជាតិ ដើម្បីជាឧត្តមប្រយោជន៍ជូន ជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំង់សម្រាប់ទុកជាកេរដំណែលដល់មនុស្សគ្រប់ជំនាន់ ។
ជាថ្មីម្តងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមលោកប្រោសព្រំ ប្រសិទ្ធិពរ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះអង្គយាងចាប់ បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕