(ភ្នំពេញ)៖ បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេស សុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខភាពជនមានពិការភាព សម្រាប់មូលដ្ឋានសុខាភិបាល ឆ្នាំ២០២៣-២០៣០ ដើម្បីឆ្លើយតបទៅនឹងកំណើននៃចំនួនជនមានពិការភាព ដែលបង្កដោយបញ្ហាផ្សេងៗរួមមាន កត្តាជំងឺឆ្លង ជំងឺមិនឆ្លងរ៉ាំរ៉ៃ កំណើនមនុស្សវ័យចំណាស់ របួសគ្រោះថ្នាក់ផ្សេងៗ រួមទាំងគ្រោះថ្នាក់ចរាចរណ៍។ល។ និងដើម្បីធានាបានការព្យាបាល និងថែទាំ ជនមានពិការភាពប្រកបដោយសមធម៌ ការគោរពសិទ្ធិជនមានពិការភាពទាំងអស់ឱ្យបានល្អ ព្រមទាំងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីធានាថា «គ្មានប្រជាជនណាម្នាក់ ត្រូវបានទុកចោល»។
គ្រប់កម្មវិធីសុខាភិបាលរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខភាពតាមរយ: ការបង្ការ ការថែទាំព្យាបាល ការស្តារនិតិសម្បទា ដើម្បីកាត់បន្ថយអត្រាឈឺ អត្រាស្លាប់ និងកាត់បន្ថយអត្រាប្រភេទ និងកម្រិតពិការភាពក្នុងចំណោមប្រជាជនទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាអតិប្បរមា។
ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីសុខភាពជនមានពិការភាព ក្នុងមូលដ្ឋានសុខាភិបាល ឆ្នាំ២០២៣-២០៣០ នឹងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រី្តកុមារ និងវ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាពតាមរយ:ការពង្រឹង ប្រព័ន្ធភាពធន់នៃប្រព័ន្ធសន្តិសុខ សុខភាព និងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព គ្មានការរើសអើង ក្នុងដំណើរឆ្ពោះទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជានៅដំណាច់ ឆ្នាំ២០៣០។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិបេឡាជាតិ សន្តិសុខសង្គម អង្គការសុខភាពពិភពលោក ស្ថានទូតប្រទេសអូស្រាលី មូលនិធិគ្លីនតុន និងដៃគូអភិវឌ្ឍដទៃជាច្រើនទៀត ដែលកម្មវិធីបើកក្រោមអធិបតីភាពសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល តំណាងសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅពេលព្រឹក៕