(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ក្នុងលិខិតរំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណា និងភរិយា មានសេចក្តីសោកសង្រេងជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង១៧:៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ»។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោយស្តាយអាឡោះអាល័យរកអ្វី មកប្រៀបផ្ទឹមពុំបានចំពោះការយាង ចូលទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស ដែលក្នុងមួយព្រះជន្មរបស់ ព្រះអង្គបានបូជាអស់ព្រះកាយពល ដើម្បីកសាង និងដឹកនាំ ព្រះពុទ្ធសាសនានៅកម្ពុជា ជាសាសនារបស់រដ្ឋឱ្យរស់ឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍ ឱ្យស្ថិតស្ថេរ ចម្រើនរុងរឿងរហូតមក ដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស នេះជាស្នាព្រហស្ថដ៏មហាអស្ចារ្យរបស់ ព្រះអង្គ ដែលបានបន្សល់ទុក សម្រាប់ពុទ្ធបរិស័ទកម្ពុជាគោរពប្រតិបត្តិ រៀងរហូតទៅ។
ជាថ្មីម្ដងទៀត សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្ដេចព្រះអគ្គ មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ៕