(ម៉ាឡេស៊ី)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីភ្លាម លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ី ក៏បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការតាមបែបបទពិធីការកម្រិតខ្ពស់ប្រកបដោយកិត្តិយសជាទីបំផុត។
ពិធីទទួលបដិសណ្ឋារកិច្ចដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលរបស់ម៉ាឡេស៊ី ត្រូវបានរៀបចំទទួលដោយកងកិត្តិយស កងត្រែទ័ព មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីជាច្រើន ជាមួយនឹងកម្រាលព្រំទ្រនូវដំណើរដ៏ក្រហមឆ្អិតឆ្អៅយ៉ាងវែងអន្លាយ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចរាល់ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ជជែកពិភាក្សាការងារទ្វេភាគី។
សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (YB Dato' Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីរយៈពេលមួយថ្ងៃនេះ មានការអញ្ជើញអមដំណើរដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបមានដូចជា៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោក លោកស្រីជាសមាជិក រាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។ ដំណើរទស្សនកិច្ចក៏មានការអមដំណើរដោយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ លោក ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន នយោបាយ, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការងារ, ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល សន្តិសុខថាមពលជាដើម។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងតំបន់ផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ក៏នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣រួមមាន អនុស្សារណៈយោគយល់គ្នាមួយ រវាងធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី និងអនុស្សារណៈយោគយល់គ្នាពីរទៀត រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី ព្រមទាំងអញ្ជើញធ្វើសន្និសិទ្ធសារព័ត៌មានរួមគ្នា ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងចូលក្រាបបង្គំគាល់ ព្រះចៅ ស៊ុលតង់ អ៉ីប្រាហ៉ីម អីស្ពាន់ដា (Sultan Ibrahim Iskandar) ព្រះមហាក្សត្រម៉ាឡេស៊ី, ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ដាតុ មូតាំង តា-ហ្កាល់ (Datuk Mutang Tagal) ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ ស៊ី ដាតុ ចូហារី ប៉ីន អាប់ឌុល (YB Tan Sri Dator (Dr.) Johar Bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី។
សម្ដេចធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ផងដែរ។ ក្នុងកម្មវិធីនោះ សម្ដេចធិបតី នឹងថ្លែងសន្ទរកថាគន្លឹះស្ដីពី «គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-ម៉ាឡេស៊ី។ សម្ដេចធិបតី ក៏នឹងទទួលជំនួបសម្ដែងការគួសម ដោយធានាគារ Maybank របស់ម៉ាឡេស៊ីផងដែរ។
សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះវិញ។
សូមបញ្ជាក់ថា កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ នៅចន្លោះឆ្នាំ១៩៦៩ ដល់១៩៧៥ ចំណងការទូតនេះ រក្សានៅត្រឹមកម្រិតភារៈធារីស្តីទី មាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។
លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១ ចំណងការទូតបានភ្ជាប់ឡើងវិញ ហើយក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ និងកាន់តែល្អប្រសើររហូតដល់ពេលបច្ចុប្បន្ន៕