(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា គម្រោងទាំងអស់របស់អង្គការទស្សនៈពិភពលោក ជាគម្រោងស្ថិតក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលទាមទាឱ្យអាជ្ញាធរដែនដីនៅតាមក្រុងស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពជំនាញ ជុំវិញខេត្តព្រះវិហារ ត្រូវចូលរួមសហការគាំទ្រ ដើម្បីឱ្យការអនុវត្តន៍គម្រោងរបស់អង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារទទួលបានជោគជ័យ។
ការថ្លែងរបស់លោក គីម រិទ្ធី បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញទទួលជួបសំដែងការគួរសមជាមួយប្រធាន និងបុគ្គលិកអង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ នៅអគារសាលប្រជុំសាលាខេត្តជាន់ទី៣ ដោយមានការចូលរួមពីលោក លោកស្រីជា អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ ប្រធានព្រមទាំងបុគ្គលិក នៃអង្គការទស្សនៈពិភពលោក បានជម្រាបជូនលោកអភិបាលខេត្ត អំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ ដែលសម្រេចបាននាពេលកន្លងមក និងបានលើកឡើងពីបញ្ហាប្រឈមសំណូមពរ និងទិសដៅបន្តទៅតាមគម្រោងជាច្រើនដែលជាគម្រោងរបស់អង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ។
ក្នុងនោះរួមមានដូចជា គម្រោងក្នុងកម្មវិធីកិច្ចការពារកុមារ និងការចូលរួមរបស់យុវជន កម្មវិធីសុខភាពអាហាររូបត្ថម្ភ អនាម័យទឹកស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាព កម្មវិធីអប់រំនិងបំណិនជីវិត កម្មវិធីកុមារទំនុកបម្រុង និងការចូលរួមរបស់សហគមន៍ និងគម្រោងផ្សេងៗជាច្រើនទៀត ជាមួយគ្នានេះដែរ ប្រធានអង្គការក៏បានសំណូមពរសុំឱ្យមានការចូលរួមសហការ នូវគម្រោងរបស់អង្គការ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានជោគជ័យ។
លោក គីម រិទ្ធី បានថ្លែងអំណរគុណប្រធាន និងបុគ្គលិកនៃអង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ ដែលបានចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីរបាយការណ៍សង្ខេប លទ្ធផលការងារដែលសម្រេចបានរបស់អង្គការក្នុងឆ្នាំ ២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តឆ្នាំ២០២៤ នាពេលនេះ។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា «គម្រោងទាំងអស់របស់អង្គការទស្សនៈពិភពលោក ដែលបានលើកឡើងនាពេលនេះ គឺជាគម្រោងដែលស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល»ក្នុងការអភិវឌ្ឍឱ្យមានការរីកចម្រើននៅតាមមូលដ្ឋាន ក៏ដូចជាសហគមន៍ ដើម្បីរក្សាបាននូវសុខមាលភាព បង្កើននូវប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានថ្លែងជំរុញដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ ត្រូវចូលរួមសហការក្នុងនាមជាដៃគូអភិវឌ្ឍន៍ល្អ ក្នុងការអនុវត្តគម្រោង ឱ្យទទួលបានជោគជ័យ ក៏ដូចជាសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល៕