(កំពង់ធំ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានចាត់លោកវេជ្ជបណ្ឌិត ហ៊ាន សុខនាង នាំយករថយន្តសង្គ្រោះបន្ទាន់១គ្រឿង ឧបត្ថមជូនរដ្ឋបាលឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត ហ៊ាន សុខនាង បានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់១គ្រឿងជាអំណោយរបស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ សម្រាប់ជំនួយដល់ការបម្រើសេវាដឹកជញ្ជូនអ្នកជំងឺធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា។
លោកបន្តថា សកម្មភាពនេះជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់លោក សួស យ៉ារ៉ា ព្រមទាំងក្រុមគ្រួសារ សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាងដើម្បីចូលរួមលើកកម្ពស់ ប្រសិទ្ធភាពគុណភាពការងារសុខាភិបាល ក្នុងការបម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះអ្នកជម្ងឺបានទាន់ពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលស្រុកផងដែរ។
លោកបានផ្តាំផ្ញើដល់រដ្ឋបាលឃុំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការនៅមណ្ឌលសុខភាពកំពង់គោ ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឱ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
លោក អ៊ុត វណ្ណរ៉ា និងលោកមេឃុំកំពង់គោ តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក សួស យ៉ារ៉ា និងក្រុមការងារដែលបានផ្តល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដល់រដ្ឋបាលឃុំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមគោរពជូនលោក ក្រុមគ្រួសារនិងក្រុមការងារទទួលបាននូវសុខភាពល្អ៕