(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ (General James L. Jones) នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International និងមានអតីតភាពជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក បានដឹកនាំក្រុមការងារជំនាញលើការងារផ្តល់ប្រឹក្សាយោបល់មួយក្រុមបំពេញទស្សនកិច្ចនៅកម្ពុជា។ ទស្សនកិច្ចរបស់លោក មានគោលដៅសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
លោកឧត្តមសេនីយ ចូនស៍ ធ្លាប់ដឹកនាំបម្រើការជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក (Marine Corps) ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣, ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុបនៅអង្គការ NATO ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និងអាហ្វ្រិករបស់ សហរដ្ឋអាមេរិក (US European and African Command) នៅប្រទេសអាឡឺម៉ង់ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិម បូព៌ាចាប់ពី២០០៧ ដល់ឆ្នាំ២០០៨, និង ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកចាប់ពី ឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។
ឧត្តមសេនីយ ចូនស៍ បានក្លាយជាអ្នកតស៊ូមតិប្រកបដោយបរិយាប័ន្នសម្រាប់វិស័យឯកជនក្នុងបញ្ហាសន្តិសុខជាតិ និងគោលនយោបាយការបរទេស, លើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន, និងមានឆន្ទៈក្នុងការរក្សាភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិក ក្នុងសតវត្សរ៍ពោរពេញទៅដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
ឧត្តមសេនីយ ចូនស៍ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបាននាំមកជាមួយអ្នកជំនាញផ្តល់ប្រឹក្សាយោបល់លើគោលនយោបាយការបរទេស, ផែនការយុទ្ធសាស្ត្រ, សន្តិសុខជាតិ និងយុទ្ធសាស្ត្រយោធា ដែលមានបទពិសោធន៍យូរឆ្នាំ។
គោលដៅធំនៃដំណើរទស្សនកិច្ចរបស់អតីតមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិករូបនេះ គឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យឯកជន ដែលជាចំណែកមួយដ៏ធំសម្រាប់ធ្វើឱ្យកាន់តែប្រសើរលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ចូនស៍ នឹងដឹកនាំក្រុមការងាររបស់លោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ជួបជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ជួបឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជួបនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទផងដែរ។
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ចូនស៍ និងក្រុមការងាររបស់លោក បានចូលជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ បន្ទាប់ពីជំនួបចង្អៀតហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ចូនស៍ បានបើកកិច្ចពិភាក្សាទូលាយមួយពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ កិច្ចពិភាក្សានោះ មានការអញ្ជើញចូលរួមដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, អ្នកជំនួញធំៗនៅកម្ពុជា មកពីសភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ា និងមានការចូលរួមពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជាផងដែរ។
ជំនួបនេះ ធ្វើឡើងក្នុងគោលដៅស្វែងរកឱកាសពង្រីកបន្ថែមនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបង្ហាញ គោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ចសហប្រតិបត្តិការថ្មីៗ និងពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គោលដៅជាយុទ្ធសាស្ត្រមួយចំនួនដែលលោកឧបនាយករដ្ឋមន្ត្រី មានដូចជាការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន ដូចជាបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា (Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។
ក្នុងកិច្ចពិភាក្សានោះ ឧត្តមសេនីយ៍ ចូនស៍ បានលើកបង្ហាញពីការសង្កេតរបស់លោក ឃើញនូវភាពរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍ការដាក់ចេញគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ការដាក់ទិសដៅប្រែក្លាយកម្ពុជាពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។
ឧត្តមសេនីយ៍ ចូនស៍ បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងអាមេរិក។ លោកឧត្តមសេនីយ៍ ជឿជាក់ថា ការផ្តោតជាអាទិភាពលើការបង្កើនពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគឱ្យរឹងមាំ។
លោក ចូនស៍ បានលើកឡើងទៀតថា ការបង្កើនពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អាចនឹងជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជាជាមួយនូវថាមពលដ៏អស្ចារ្យ ឱកាសការងារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងនឹងជួយគាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅរកការសម្រេចឱ្យបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់។
លោក ចូនស៍ បានមើលឃើញដែរថា ទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយផ្លែផ្កា មិនត្រឹមតែផ្ដល់ផលចំណេញដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ផលចំណេញដល់សហរដ្ឋអាមេរិកផងដែរ។ វានឹងជួយបង្កើតការងារថ្មីៗសម្រាប់ផលិតផល និងសេវាកម្មរបស់អាមេរិក ក៏ដូចជាបើកចំហទ្វារសម្រាប់អ្នកជំនួញអាមេរិកបោះទុនវិនិយោគ និងពង្រីកប្រតិបត្តិការរបស់ពួកគេនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ ក៏បានផ្តល់ឱកាសឱ្យអ្នកជំនួញធំៗដែលចូលរួមក្នុងពិធីនោះ បានលើកឡើងនូវមតិយោបល់ជាច្រើន ដើម្បីបានជាធាតុសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិកឱ្យកាន់តែប្រសើរ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ចូនស៍ និងក្រុមការងារនៅកម្ពុជានេះ លោកក៏នឹងជួបពិភាក្សាការងារជាមួយធនាគារពិភពលោក និងក្រសួងពាណិជ្ជកម្មផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ចូនស៍ និងក្រុមការងារ ត្រូវបានគេរំពឹងថា នឹងរួមចំណែកធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិកកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈបច្ចុប្បន្នការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕