(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «រាត្រីសមោសរ សំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពសម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងបន្ទាប់ពីមានការគាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការគាំទ្រសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។
ក្នុងសន្និសីទសាព័ត៌មាន បង្ហាញពីការត្រៀមរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» នៅសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា កម្មវិធីរាត្រីសមោសរនេះ មានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបិយរបស់ដូនតាខ្មែរ ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ កម្មវិធីនេះ ជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។
លោកស្រីបញ្ជាក់ថា៖ «គោលបំណងរបស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា»។
ការរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ បើតាមការគ្រោងទុកកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» នឹងធ្វើឡើង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពីកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន «ពិព័រណ៍សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើងរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលសន្និសីទចតុម្មុខ។
នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរសាធារណជន សិស្ស និស្សិត និងភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕