(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំណូមពរ UNOPS បន្តរក្សាពង្រីកកិច្ចសហប្រតិបត្តិការដែលអាចអនុលោម និងបន្ស៊ីជាមួយវិស័យអាទិភាព។
ជាពិសេសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក ជាពិសេសផ្តោតលើការងារលទ្ធកម្ម ជាមួយក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ត្រី ក្នុងឳកាសអនុញ្ញាតឱ្យលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងថ្លែងអំណរគុណ លោកស្រីនាយិកាអង្គការ UNOPS ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងការសម្របសម្រួលបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចការលទ្ធកម្ម នូវសម្ភារៈ និងឱសថសារវន្ត ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជានាពេលកន្លងមក។
លោកស្រីនាយិកាអង្គការ UNOPS ក៏បានថ្លែងការអបអរសាទរ និងជូនពរ ចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោក ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកស្រីនាយិកា បានជម្រាបជូន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ទៀតថា អង្គការ UNOPS បានចាប់ផ្តើមការងារនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការធ្វើលទ្ធកម្មទៅលើសម្ភារៈ និងឱសថ ការសម្របសម្រួល ទៅនឹងការងារប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់ ការងារប្រយុទ្ធប្រឆាំងជំងឺរបេង និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល ដូចជាជំងឺកូវីដ-១៩ ជាដើម ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals- SDG) មុនកាលបរិច្ឆេទកំណត់។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាប UNOPS អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុចផងដែរ៕