(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ៣ចំណុច ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកយកព័ត៌មាន អំពីការអនុវត្តសិទ្ធិសម្ដែងមតិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី។
ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរម៉ាឡេស៊ី បានព្រមានអំពីវិធានការចំពោះក្រុមប្រឆាំងកម្ពុជា នៅក្នុងប្រទេសរបស់ខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត។
តាមរយៈសេចក្តីបំភ្លឺនេះ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិនៃការសម្ដែងមតិ ត្រូវស្ថិតក្នុងក្របខ័ណ្ឌនីតិរដ្ឋ។ កន្លងមកមានការអធិប្បាយ និងបកស្រាយជាច្រើនអំពីសិទ្ធិសម្ដែងមតិ ក្នុងឱកាសដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ី តែពុំមានការនិយាយអំពីច្បាប់ និងគោលការណ៍នានាឡើយ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ដូចតទៅ៖
១៖ «ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន» គឺជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍នានា ដែលមានចែងក្នុងជំពូក១ មាត្រា២ នៃធម្មនុញ្ញអាស៊ាន។ កម្ពុជា និងម៉ាឡេស៊ី មិនត្រឹមតែមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប៉ុណ្ណោះទេ តែក៏ជាប្រទេសសមាជិកអាស៊ានដែលត្រូវគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញ អាស៊ាន។
២៖ ជាគោលការណ៍នៅក្នុងការអនុវត្តជាអន្តរជាតិ ប្រទេសម្ចាស់ផ្ទះមានកាតព្វកិច្ចធានាសេចក្តីថ្លៃថ្នូរ សន្តិសុខ សុវត្ថិភាព និងភាពរលូន នៃដំណើរទស្សនកិច្ច/ការអញ្ជើញចូលរួមកិច្ចប្រជុំនានារបស់ឥស្សរជនជាន់ខ្ពស់នៃបណ្តារដ្ឋ។ ការចាត់វិធានការនានារបស់អាជ្ញាធរមាន សមត្ថកិច្ចម៉ាឡេស៊ី គឺសំដៅធានាការគោរពយ៉ាងត្រឹមត្រូវចំពោះគោលការណ៍ដែលបាន លើកឡើងក្នុងចំណុចទី១ និងទី២នេះ។
៣៖ ជនបរទេស ដោយរាប់បញ្ចូលទាំងអ្នកការទូតដែលមានអភ័យឯកសិទ្ធិផងនោះ មានកាតព្វកិច្ច គោរពប្រណិប័តទៅតាមច្បាប់នៃប្រទេសដែលខ្លួនរស់នៅ/តាំងនៅ។ ដូចនេះការអនុវត្ត សិទ្ធិសម្ដែងមតិ គឺត្រូវសមស្របទៅតាមច្បាប់របស់ប្រទេសម៉ាឡេស៊ី៕
ខាងក្រោមនេះសេចក្តីបំភ្លឺ៖