(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើប្រាប់សិស្ស-និស្សិតថា ជំនាញផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៅតែមានទីផ្សារការងាររហូត ព្រោះប្រទេសនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋគ្រប់គ្នានៅតែត្រូវការព័ត៌មានជានិច្ច ដូច្នេះទីផ្សារការងារលើជំនាញនេះនៅតែបើកទូលាយ។
លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាសធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយ និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បញ្ហាប្រឈមនីមួយៗ ក៏ដូចជាយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មានជូនដល់និស្សិតចំនួន៨៧១នាក់ មកពីមហាវិទ្យាល័យព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដែលជាការផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តីនៅសាលា និងការអនុវត្តការងារជាក់ស្តែង ដែលនឹងបើកលទ្ធភាពឱ្យនិស្សិតអាចមកបំពេញទស្សនកិច្ចសិក្សា និងកម្មសិក្សាជាមួយអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មាន។
លោករដ្ឋមន្រ្តីបានលើកឡើងថា «កន្លងមកយើងគិតតែពីការសិក្សាទ្រឹស្តី តែពេលរៀនចប់ចូលធ្វើការងារចាប់ផ្តើមរៀនសាជាថ្មីម្តងទៀត ដោយសារយើងមិនបានផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត ដែលធ្វើឱ្យបាត់នូវការតម្រង់ទិស ហើយនិស្សិតមួយចំនួនចូលធ្វើការងារមិនចំមុខជំនាញ»។
លោករដ្ឋមន្រ្តីបានលើកពីប្រវត្តិជាសិស្សស្នាក់នៅវត្ត ដើម្បីបន្តការសិក្សារៀនសូត្ររហូតបានប្រឡងជាប់អាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស ដេប៉ាតឺម៉ង់ ផ្នែកឯកទេសសារព័ត៌មាន ឯកទេសភាសាបារាំង និងភាសាវិទ្យា។ ជាបទពិសោធន៍កាលពីជំនាន់នោះ ដោយបានគិតថាតើយើងរៀនដើម្បីរង់ចាំទីផ្សារ ឬរៀនដើម្បីឆ្លើយតបតម្រូវការទីផ្សារ? ជាជម្រើសគឺបានយកជំនាញសារព័ត៌មាន ដោយសារគិតថាប្រព័ន្ធផ្សព្វផ្សាយ គឺមានទីផ្សាររហូត ហើយប្រទេសនីមួយៗ ប្រជាពលរដ្ឋត្រូវការព័ត៌មានជានិច្ច។ ដូច្នេះនៅពេលរៀនចប់ យើងមានការងារធ្វើ មានប្រាក់ចូលអាចរៀនបន្តទៀត ដើម្បីអភិវឌ្ឍសមត្ថភាពបានកាន់តែរឹងមាំ។
លោករដ្ឋមន្ត្រីបានជម្រាបថា បច្ចុប្បន្ននេះ ប្រពន្ធ័ផ្សព្វផ្សាយចែកចេញ២ប្រភេទ គឺទី១ ប្រពន្ធ័ផ្សព្វផ្សាយបុរាណ មាន វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី។ ទី២ ប្រពន្ធ័ផ្សព្វផ្សាយទំនើប រួមមាន TV Online Facebook TikTok Telegram WeChat ជាដើម ហើយពេលនេះដែរ បណ្តាញផ្សព្វផ្សាយសង្គម Facebook និង TikTok បានក្លាយជាមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន។
លោក នេត្រ ភក្ត្រា មានជម្រាបជូនពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានដាក់ចេញនូវគោលនយោបាយបន្ថែមមួយ ទៀត ក្រៅពីគន្លឹះអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង គឺបច្ចេកវិទ្យា” ជាពិសេស គឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបានបញ្ជាក់ថា អ្វីដែលសំខាន់ដែលរាជរដ្ឋាភិបាលបាននិងធ្វើគឺពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោត៣សំខាន់ ទី១ ជាធនធានមនុស្សប្រកបដោយចំណេះដឹង ទី២ គុណាធិបតេយ្យ សំដៅលើសមត្ថភាព និងស្នាដៃ ទី៣ សីលធម៌ គុណធម៌ និងមានសុខភាពល្អ ទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង។
ជាមួយគ្នានោះ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា សាកលវិទ្យាល័យបាននិងកំពុងបណ្តុះបណ្តាលនិស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើ១២មហាវិទ្យាល័យ និង៤២មុខជំនាញ ស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
សាកលវិទ្យាធិការរូបនេះបានបញ្ជាក់ថា កម្មវិធីចែករំលែកបទពិសោធន៍ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់និស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀងរាល់ឆមាស ក្នុងគោលបំណងចង់ឲ្យនិស្សិតទទួលបានចំណេះដឹងល្អៗ និងបទពិសោធន៍ថ្មីៗពីសំណាក់វាគ្មិនកិត្តិយសល្បីៗ ទាំងក្នុង និងក្រៅប្រទេស បន្ថែមពីលើការសិក្សាជាមួយសាស្រ្តាចារ្យក្នុងថ្នាក់ស្របតាមបាវចនាប៊ែលធី គឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»៕