(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អនុវត្តតាមបទបញ្ញា និងនីតិវិធីនៃការបោះឆ្នោត គ.ជ.ប ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក គ.ជ.ប ។
ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតនេះ នឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀល នៅសាលសន្និសីទនៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
សូមជម្រាថា យោងតាមលទ្ធផលបឋមការប្រកាសរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ បានឱ្យដឹងថា៖
* គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ (១០,០៥២សំឡេង)
* គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១,៣៩៤សំឡេង)
* គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ៕