(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការីនី សម្រាប់យកទៅអនុវត្ត ដើម្បីជំរុញឱ្យវិស័យកីឡានៅកម្ពុជា កាន់តែរីកចម្រើន ​និងបន្តទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ។

សម្តេចធិបតីផ្តល់អនុសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន​ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ដោយមានក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការ​ បន្តគាំទ្រវិស័យកីឡា កីឡាករ និង កីឡាការិនី​ ទាំងស្មារតី និងថវិកា។ ​ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និង ទទួលបានជ័យជម្នះថែមទៀត។

ជាមួយនឹងការរីកចម្រើន និងជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ​ សម្តេចបានផ្តល់អនុសាសន៍បន្ថែមចំនួន៤ចំណុច ដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការីនី សម្រាប់យកទៅអនុវត្ត ដូចខាងក្រោម៖

ទី១. ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយ សហព័ន្ធកីឡាជាតិត្រូវរៀបចំយន្តការគាំទ្រ បណ្តុះបណ្តាល និងលើកទឹកចិត្តដល់កីឡាករ និងកីឡាការីនីនៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយកីឡាជាតិ ទៅក្នុងតំបន់ និង សកលលោក។

ទី២. ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ សម្រិតសម្រាំង និងបណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិ នាពេលអនាគត។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់ពីព្រោះ ការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និង ត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា, ទាំងកម្រិតជាតិ, តំបន់ និង សកល។

ទី៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និងបទពិសោធ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និង កីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និង កីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។

 

សូមជម្រាបផងដែរថា សម្រាប់កីឡាករ កីឡាការីនី​ជ័យលាភី ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯក ពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០​ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់រង្វាន់ ចំនួន ៣ ១៩៩ លានរៀល (ប្រមាណ៧៨ម៉ឺនដុល្លារ)៕