(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នារសៀលថ្ងៃងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅឯវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាព, ឯកភាពផ្ទៃក្នុងជាតិ, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្ដើម យកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា, តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡា នៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូល ចិត្តកីឡា និងលេងកីឡា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឈរលើសមិទ្ធផលដែលជោគជ័យជាច្រើន សម្តេចសង្ឃឹមថាកីឡាករ និងកីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំ ជាប់មិនដាច់ក្នុងការហ្វឹកហាត់ បង្កើនតសមត្ថភាព និងការត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ បន្តគាំទ្រវិស័យកីឡា កីឡាករ កីឡាការិនី ទាំងស្មារតី និងថវិកា និងសូមជួយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែច្រើន និងមាននិរន្តរភាព បន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ។ ការប្រកួតកីឡាថ្នាក់ថ្នាក់ជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះបន្ថែមទៀត៕