(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៣,១៩៩លានរៀល (ប្រមាណ ៧៨ម៉ឺនដុល្លារ) ប្រគល់ជូនជ័យលាភីមេដាយមាស, មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯក ពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូចនេះនារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព នាឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ គ្រូបង្វឹក និងគ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន។
នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីសហព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំយមកនូវជ័យជំនះយ៉ាងត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខនៈអន្តរជាតិជនជាតិមាតុភូមិយើង។
ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងដើម្បីបង្ហាញការយកចិត្តទុកដាក់លើវិស័យកីឡា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមពាំនាំនូវប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៣ ១៩៩លានរៀល (ប្រមាណ៧៨ម៉ឺនដុល្លារ) មកប្រគល់ជូនជ័យលាភីមេដាយមាស, មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯក ពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០នាពេលនេះ»។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ, ជាពិសេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានសហការរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលលើវិស័យកីឡាគួរជាទីមោទនៈជូនជាតិមាតុភូមិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងលើកទឹកចិត្តឱ្យ គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់, ពីព្រោះការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា, ទាំងកម្រិតជាតិ, តំបន់ និងសកល។
បន្ថែមពីនេះសម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និងកីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និងកីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគតផងដែរ៕