(កណ្ដាល)៖ ក្រុមនគរបាលផ្នែកបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានការកោតសរសើរនូវស្នាដៃដែលខ្លួនសម្រេចបានរយៈពេលមួយឆ្នាំមកនេះ ខណៈដែលការគ្រប់គ្រងអគ្គិភ័យ មានសភាពអាចទប់ទល់បានក្រោមស្នាដៃមន្ត្រីនគរបាលបានយ៉ាងល្អប្រសើរ។
នេះជាការលើកឡើងរបស់លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងក្នុងឱកាសជាតំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពិធីអបអរសាទរ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
បន្ថែមលើសនេះលោក ណុប ដារ៉ា បានជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅតាមបណ្តាគោលដៅ ដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។
លោកអភិបាលរងខេត្តកណ្ដាលបន្តថា បញ្ហាប្រភពទឹកសម្រាប់កងកម្លាំងពន្លត់អគ្គិភ័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដើម្បីបញ្ជៀស ឱ្យបាននូវការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានអគ្គិភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្ត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការសហការជាមួយស្នងការនគរបាលខេត្ត ដើម្បីរៀបចំក្បាលបូមទឹក ប្រភពទឹក តាមគោលដៅដែលបានកំណត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលដល់កងកម្លាំងពន្លត់អគ្គិភ័យ ក្នុងការយកទឹកទៅសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកអភិបាលរងខេត្តបន្ថែមថា ទិវាបង្ការ និងពន្លត់អគ្គិភ័យនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាពលរដ្ឋយើងទូទាំងខេត្ត និងមនុស្សទូទៅ ឱ្យមានការជ្រួតជ្រាប និងចងចាំថា អគ្គិភ័យ គឺជាគ្រោះថ្នាក់យ៉ាងសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេលវេលា ប្រសិនបើមានការធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ន ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ រួមនឹងអាជ្ញាធរ ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហាអគ្គីភ័យនេះ។
សូមបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍របស់ ស្នងការនគរបាលខេត្ត បង្ហាញថា គ្រោះថ្នាក់អគ្គីភ័យ កើតឡើងចំនួនសរុប ៧១ ករណី លើ ៦២ ករណី មានន័យថា មានការកើន ឡើង ១១ករណី ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ប៉ុន្តែលទ្ធផលនៃប្រតិបត្តិការអន្តរាគមន៍របស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ទទួលបានលទ្ធផលល្អប្រសើរ៕