(កំពង់ធំ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩នៃខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រសួងពាក់ព័ន្ធនានា ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងសមាជិកសមាជិកាជាច្រើនរូបទៀត។
ពិធីនេះធ្វើឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក វង្សី វិស្សុត បានជំរុញឱ្យសមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំទាំងអស់ បន្តខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងត្រូវផ្តល់សេវាកម្មផ្សេងៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល។
លោកបានលើកឡើងពីតួនាទីនិងក្រឹត្យក្រមរបស់ក្រុមការងារថ្នាក់ជាតិក្នុងការចុះជួយមូលដ្ឋានថ្នាក់ក្រោមជាតិ ក្នុងនោះក្រុមការងារថ្នាក់ជាតិមានតួនាទីសំខាន់ក្នុងការចុះជួយតម្រង់ទិស ជួយគាំទ្រ ជួយលើកកម្ពស់សមត្ថភាពអាជ្ញាធរមូលដ្ឋាន និងជួយជំរុញការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងថ្នាក់មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការអភិវឌ្ឍសេវាសាធារណៈ និងដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់ សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចថ្នាក់មូលដ្ឋាននៅក្នុងខេត្តកំពង់ធំនិយាយដោយឡែក និងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលនិយាយជារួម។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តទៀតថា ក្រៅពីជួយទម្រង់ទិស និងជួយគាំទ្រដល់កិច្ចការងារខាងលើនេះ ការចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិ ក៏ត្រូវតែសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថាតើគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ មានប្រសិទ្ធភាព និងចំគោលដៅកម្រិតណាក្នុងការជួយដោះស្រាយបញ្ហា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។ ម្យ៉ាងទៀត គឺដើម្បីតាមដានការអនុវត្តគោលនយោបាយរបស់ថ្នាក់ក្រោមជាតិថាតើស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរឬទេ ហើយសម្រេចបានលទ្ធផលការងារដូចការវាយតម្លៃ និងការរំពឹងទុកឬអត់?
លោក វង្សី វិស្សុត បានរំលឹកពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឱ្យមន្ត្រីទាំងអស់កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យរង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ក្នុងន័យនេះ លោកចង់សំដៅនិងជំរុញឱ្យមន្ត្រីថ្នាក់ជាតិចុះជួយមូលដ្ឋានឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
លោក វង្សី វិស្សុត ក៏បានក្រើនរំលឹកណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំថា ការចុះមូលដ្ឋានមិនមែនមកដណ្តើមអំណាចថ្នាក់មូលដ្ឋាននោះទេ ហើយក៏មិនចុះអនុវត្តការងារជំនួសអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរក្រសួងស្ថាប័ននានានោះដែរ ពោលគឺដើម្បីចុះជួយតម្រង់ទិស ជួយផ្តល់ការគាំទ្រ និងជួយលើកកម្ពស់សមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋានឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។
បន្ថែមពីលើនេះ ក្រុមការងាររាជរដ្ឋាភិបាលនឹងជួយជំរុញមូលដ្ឋានថ្នាក់ក្រោមជាតិក្នុងការផ្តល់ និងអភិវឌ្ឍសេវាសាធារណៈ ហេដ្ឋារចនាសម្ពន្ធ ផ្លូវ ទឹក ភ្លើង ប្រឡាយ និងដោះស្រាយភាពអសកម្ម ដូចជា ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀត។
លោក វង្សី វិស្សុត បានចាត់ទុកការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីថ្នាក់ក្រោម និងប្រជាជនមូលដ្ឋានបានជួបប្រទះផងដែរ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត ផ្តល់ការណែនាំដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រុង ស្រុកត្រូវចាត់ចែងរៀបចំ ប្រកាសសមាសភាពក្រុមការងារថ្នាក់ឃុំ-សង្កាត់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕