Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតនាយករដ្ឋមន្រ្តីអង់គ្លេស៖ ការរក្សាចក្រភពអង់គ្លេស ឲ្យនៅក្នុងសហភាពអឺរ៉ុបដដែល គឺអាចទៅរួច

01-09-2016 16:39

(ឡុងដ៏)៖ «ការរក្សាចក្រភពអង់គ្លេស ឲ្យបន្តស្ថិតនៅក្នុង សហភាពអឺរ៉ុប គឺអាចទៅរួច ហើយខ្ញុំជឿជាក់ថា វាអាចទៅរួច», នេះគឺជាការលើកឡើង របស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Tony Blair នៅក្នុង បទសម្ភាសន៍ មួយជាមួយនឹង ស្ថានីយ៍ទូរទស្សន៍ Europe 1 នៅព្រឹកថ្ងៃទី០១ ខែ កញ្ញានេះ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានបារាំង Le Figaro។

ស្របពេលជាមួយគ្នានោះដែរ លោក Tony Blair បានគូសបញ្ជាក់ថាការលុបចោល Brexit ទំនងជាមិនអាច ទៅរួចឡើយ រីឯការជជែកដេញដោល នឹងនៅតែបន្តត្រូវធ្វើឡើង ខណៈដែល រដ្ឋាភិបាលអង់គ្លេស បានបែងចែកយ៉ាងស៊ីជម្រៅស្ដីពីកាលបរិច្ឆេត និង លក្ខខណ្ឌនៃការដើរចេញពី សហភាពអឺរ៉ុប។ សម្រាប់ លោក Tony Blair លោកនៅតែចង់ឱ្យអង់គ្លេស ស្ថិតនៅជាសមាជិក សហភាពអឺរ៉ុប ដោយលោកលើកឡើងថា «ខ្ញុំមិនឯកភាពឡើយ ចំពោះការបោះឆ្នោតប្រជាមតិ ហើយខ្ញុំក៏មិនគិតដែរថាវាជារឿងចំាបាច់នោះ»

សូមបញ្ជាក់ថា បើយោងតាម លោក Tony Blair លទ្ធផលនៃការបោះឆ្នោតប្រជាមតិដែល បង្ហាញថាអង់គ្លេសត្រូវតែចាកចេញ ពីសហភាពអឺរ៉ុប អាចនឹងផ្ដល់ផលវិបាកដល់ បរិយាកាសទូទៅ នៅអឺរ៉ុប ដូចជាការបង្កឱ្យមាន ការតវ៉ាប្រឆំាងនឹង អាជ្ញាធរ, ការធ្វើសមាហរណកម្ម ក៏ដូចជាជះឥទ្ធិ ពលអវិជ្ជមានផងដែរ ដល់បញ្ហាជនភៀសខ្លួន។ ហេតុដូច្នេះ លោកក្នុងនាមអតីតមេដឹកនាំអង់គ្លេស បានអំពាវនាវឲ្យ អង់គ្លេស រិះរក វិធីថ្មីដើម្បីចូលខ្លួនទៅក្នុងតំបន់អឺរ៉ុបជាថ្មី៕