(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និង ភរិយា រួមទាំងអាជ្ញាធរក្រុង សង្កាត់ជាច្រើននាក់ទៀត បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ នៅ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៦ ដែលជា ថ្ងៃកំណត់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើមី្បធ្វើការចុះបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោត នៅតាមបណ្តាឃុំ សង្កាត់ នៅទូទាំងប្រទេសកម្ពុជា។
លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា ដើមី្បរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងការ អញ្ជើញមកចុះឈ្មោះបោះឆ្នោត អាជ្ញាធរខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញដល់អាជ្ញាធរ និងកម្លាំង សមត្ថកិច្ច បង្កើនក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូន។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញមក ចុះឈ្មោះឲ្យបាន គ្រប់ៗគ្នា ចំពោះ បងប្អូនដែលជាបុគ្គលិក កម្មករ គ្រប់ ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន និង សហគ្រាស គឺមានសិទ្ធិមកចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានដែលខ្លួនរស់នៅបាន ដោយមានធ្វើការបញ្ជាក់ទីកន្លែងស្នាក់នៅ ពីអាជ្ញាធរ មូលដ្ឋាន នោះ។
លោក ឃឹម ប៊ុនសុងសង្កេតឃើញជារួមថា នៅព្រឹកថ្ងៃនេះជាថ្ងៃដំបូងនេះ នៅគ្រប់បណ្តាឃុំ សង្កាត់ទូទាំងខេត្ត សៀមរាប ក៏យើងសង្កេតឃើញសកម្មភាព របស់ប្រជាពលរដ្ឋ យ៉ាងច្រើនកោះករបាន អញ្ជើញទៅ ចូល រួមចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន ។
តាមការបញ្ជាក់របស់លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការរៀបចំការ បោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅទូទាំងខេត្តសៀមរាប មានការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១០០ឃុំ សង្កាត់ក្នុង រយៈពេល២៥ថ្ងៃ និង បន្តចុះទៅតាមភូមិ រួចទើបវិលមកធ្វើការចុះនៅតាមឃុំ សង្កាត់វិញ ។ លោកក៏បានឲ្យដឹងទៀតថា នៅទូទាំងខេត្តសៀមរាប គឺត្រូវបានធ្វើការបែងចែក ការិយាល័យបោះឆ្នោត មាន ចំនួន ១ពាន់៣៩១ការិយាល័យ ដោយក្នុងមួយ ការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត ៧៥០នាក់ ។
លោក ឃឹម ប៊ុនសុង ក៏បាន ធ្វើការបញ្ជាក់ឲ្យអ្នកសារព័ត៌មាន យើងដឹងថា នៅទូទាំងខេត្តសៀមរាប មានប្រជាពលរដ្ឋដែលមានអាយុគ្រប់ មានសិទ្ធិបោះឆ្នោត សរុបចំនួន ៦២៤ពាន់៨៨៤នាក់ ហើយប្រជាពលរដ្ឋ ដែលបានធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ សរុប ៦៣៤ពាន់៣១៥នាក់ ។
គួរបញ្ជាក់ថា នៅមុនធ្វើការចុះឈ្មោះបោះឆ្នោតនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានផ្តល់នូវលិខិតព័ត៌មាន ដល់អាជ្ញាធរមូលដ្ឋាន ដើមី្ប ចែកជូនជាដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានអញ្ជើញ មកបំពេញកាតព្វកិច្ច របស់ខ្លួនជាពលរដ្ឋខ្មែរ ក្នុងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ចាប់ពីថ្ងែទី០១ កញ្ញា រហូតដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦៕