(កណ្តាល)៖ ជនទំនើង៣នាក់ ដែលបានដេញវាយជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសស្រាល ត្រូវបាននគរបាលឃាត់ខ្លួន នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរោងកាហ្វេ ភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលរួចបញ្ជូនទៅកាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់នៅថ្ងៃនេះ។ មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សុភណា្ឌរិន អាយុ២១ឆ្នាំ មុខរបរលក់កាហ្វេ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនទំនើងនោះមានបក្ខពួក៣នាក់ ទី១-ញឹម ទិត្យ អាយុ២០ឆ្នាំ មានមុខរបរជាកម្មករស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់តខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើតនៅ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងអញ្ចាញ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទី២-ឈ្មោះ វ៉ាន់ បញ្ញា អាយុ១៩ឆ្នាំ មានមុខរបរជាកម្មករស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើតនៅភូមិស្នាយពុល ឃុំត្រកៀត ស្រុកពារាំង ខេត្តព្រៃវែង និងទី៣-ឈ្មោះ ហឿង ធារ៉ា អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើត ភូមិរការខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែតែលក់កាហ្វេ ភ្លាមនោះស្រាប់តែមានមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែល១៨ឆ្នាំ បានរត់ចូលមកក្នុងហាង។ មួយសន្ទុះក្រោយមកស្រាប់តែ មានជនល្មើស៣នាក់ខាងលើ បានដើរចូលមកដោយខ្លះ ដោះអាវដៃកាន់ខ្សែក្រវ៉ាត់ខ្លះកាន់ដាវ ដើរសំដៅចូលក្នុងហាង ឃើញដូច្នេះជនរងគ្រោះសួរទៅជនសង្ស័យថា (ហេតុអីបានជាដើរចូលមកហាងខ្ញុំ)។
ជនល្មើសទាំង៣នាក់មិនឆ្លើយ ហើយនៅតែមានៈចូលមកទៀតហើយបានស្ទុះទៅវាយ ជនរងគ្រោះពេលនោះ ជនរងគ្រោះទាញម៉ូតូជិះចេញទៅទីខាងលិចភ្លាមនោះដែរ។ ជនសង្ស័យទាំង៣នាក់ បានបក់ដៃអោយជនរងគ្រោះឈប់តែជនរងគ្រោះមិនព្រមឈប់ ទើបជនសង្ស័យគប់មួយដាវត្រូវខ្នង ជនរងគ្រោះបណ្តាលរងរបួសហូរឈាម ហើយជនល្មើសទាំងបីនាក់ បានគេចខ្លួនភ្លាមៗនោះដែរ នគរបាលបានចុះទៅដល់ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានទាំងបីនាក់រួមទាំងវត្ថុតាង ខ្សែក្រវ៉ាត២ក្បាលដែក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕