(ភ្នំពេញ)៖ អ្នកសង្កេតការណ៍ជនជាតិជប៉ុន បានមើលឃើញថា ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលបច្ចុប្បន្នមានភាពល្អប្រសើរច្រើន បើធៀបនឹងឆ្នាំ២០១៣។
លោក ហារ៉ាដា សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យតូក្យូ បានចំណាយពេលចូលរួមសង្កេតដោយផ្ទាល់លើដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោក ហារ៉ាដា បានសង្កេតដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅមណ្ឌលចំនួនពីរ គឺមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល និងមណ្ឌលបោះឆ្នោតក្នុងរាជធានីភ្នំពេញ។ អ្នកសង្កេតការណ៍ជនជាតិជប៉ុនរូបនេះ បានឱ្យដឹងថា រូបលោកបានចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។
លោក ហារ៉ាដា ជាជនជាតិជប៉ុនមួយរូប ដែលស្រឡាញ់កម្ពុជា ហើយបានរៀននិយាយភាសាខ្មែរបានយ៉ាងល្អថែមទៀតផង។ជាមួយនឹងការសង្កេតយ៉ាងយកចិត្តទុកដាក់ លោក ហារ៉ាដា បានមើលឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃបានប្រព្រឹត្តដោយភាពល្អប្រសើរ។
លោក ហារ៉ាដា បានរំលឹកទៅឆ្នាំ២០១៣ថា ដំណើរការបោះឆ្នោតនៅកម្ពុជាមានភាពស្មុគស្មាញច្រើន ព្រោះមិនទាន់ប្រើប្រាស់ប្រព័ន្ធបច្ចេកជួយដល់ការបោះឆ្នោត។ លោក បានឱ្យដឹងថា លោករួមជាមួយអង្គការចៃកា របស់ជប៉ុន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីកែលំអនីតិវិធី និងដំណើរការនៃការបោះឆ្នោត។
លោក ហារ៉ាដា បាននិយាយថា អនុសាសន៍ដែលផ្តល់នោះប្រហែលជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយកហើយ ទើបប្រព័ន្ធបោះឆ្នោតនៅកម្ពុជានាពេលនេះមានភាពល្អប្រសើរ។ លោក បានកត់សម្គាល់ឃើញថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតនៅពេលនេះមានភាពល្អប្រសើរ ដោយសារតែបញ្ចូលទៅក្នុងប្រព័ន្ធ ជួយឱ្យអ្នកបោះឆ្នោតងាយស្រួលរកឈ្មោះរបស់ពួកគេ។ មិនដូចកាលពីឆ្នាំ២០១៣ បញ្ជីឈ្មោះបោះឆ្នោតរៀបចំដោយដៃ នាំឱ្យអ្នកបោះឆ្នោតពិបាករក។
លោក ក៏បានសរសើរពីនីតិវិធីបោះឆ្នោតនៅកម្ពុជា ដែលមានការបញ្ជាក់ និងផ្ទៀងអត្តសញ្ញាណពេលចូលការិយាល័យបោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតកាន់តែច្បាស់លាស់៕