(ភ្នំពេញ)៖ សាលាបញ្ញាសាស្ដ្រ សាខាសែនសុខ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានពិធីអបអរសាទរ បើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៦ ២០១៧ សម្រាប់ថ្នាក់មត្តេយ្យ និងបឋមសិក្សា និងសម្រាប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដែលនឹងចូលរៀននៅថ្នាក់ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
កម្មវិធីនេះក៏មានការអញ្ជើញ ចូលរួមដោយផ្ទាល់ពីបណ្ឌិត កុល ផេង ស្ថាបនិកសាលាបញ្ញាសាស្ត្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើរយនាក់ទៀត។
លោក អៀន អេនឌីសាន់ នាយកគ្រប់គ្រងកម្មវិធីសិក្សា ប្រចាំសាសាបញ្ញាសាស្រ្ដអន្ដរជាតិសាខាសែនសុខ បានថ្លែងថា កម្មវិធីសិក្សារបស់យើងរៀបចំ ទៅតាមមូលដ្ឋានសិក្សាដែលផ្ដល់ឲ្យសិស្ស នូវការពិចារណាលម្អិត និងទម្លាប់សិក្សាល្អ ដែលញុំាងឲ្យសិស្សគ្រប់រូបទទួល បានជោគជ័យក្នុងការសិក្សា ហើយបច្ចុប្បន្ននេះយើងមាន ថ្នាក់មត្តេយ្យសម្រាប់កុមារពីអាយុ ៣ទៅ៦ឆ្នាំ ថ្នាក់បឋមសិក្សាពីថ្នាក់ទី១ដល់ទី៦ ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។
លោកបន្ដថា «យើងក៏មានកម្មវិធីភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោងបង្រៀន ដោយគ្រូជនជាតិផ្ទាល់តែម្ដង ដែលកម្មវិធីទាំងនោះមានដូចជា IEAP សម្រាប់សិស្សត្រៀមចូលមហាវិទ្យាល័យ EHSS សម្រាប់សិស្សមធ្យមសិក្សា និង GESL សម្រាប់អ្នករៀនភាសាអង់គ្លេសទូទៅ»។
លោក បណ្ឌិត កុល ផេង ស្ថាបនិកសាលាបញ្ញាសាស្ត្របានលើកឡើងថា ការអប់រំកូនមិនខុសគ្នាពីយើងដាំដើមឈើ ឬក៏យើងមានសួនច្បារខ្លួនយើងនោះទេ បើយើងមិនរៀបចំផ្កា ដែលយើងដាំ យើងមិនកាត់ស្លឹក មិនស្រោចទឹកសួនច្បារយើង នឹងក្លាយជាព្រៃ អប់រំកូនក៏ដូច្នេះដែរ បើយើងចង់ពត់ពីវៀចឲ្យត្រង់ទល់ តែយើងចេះតម្រង់។
លោកបន្ដថា «ឧទាហរណ៍ ដើម្បីដាំដើមឈើវាដុះជិតគ្នា២-៣ យើងត្រូវតែយកឈើយកមកគៀបឲ្យត្រង់ មិនអាចដាំទៅជួរដូចយើងចង់បាននោះទេ មិនខុសអីពីបងប្អូន កាលណាបងល្អវាដើរតាមបង តែមនុស្សមាននិស្ស័យខុសៗគ្នា ចឹងមាននិស្ស័យរបស់កូនៗយើងមិនបានល្អដូចគ្នាទេ ប៉ុន្ដែបើកាលណាយើងអប់រំ ត្រូវវាដើរក្នុងកន្លងល្អដូចគ្នាព្រោះមនុស្សកើតមក មាននិស្ស័យខុសគ្នា ដែលយើងសាងមក នឹងខុសៗគ្នា អញ្ជឹងនៅពីតូចយើងមើលនិស្ស័យរបស់កូន»។
ទន្ទឹមនឹងនោះ កម្មវិធីសិក្សាក៏បានរៀបចំឡើងយ៉ាងហ្មត់ចត់ផ្ដោតសំខាន់ លើមូលដ្ឋានគ្រឹះ ផ្ដល់នូវចំណេះដឹងពិតប្រាកដ ដល់សិស្សានុសិស្សទាំងអស់ ក្នុងការអភិវឌ្ឍខ្លួន ប្រកបដោយគុណភាពខ្ពស់ និងជោគជ័យ ពិសេសសិស្សនឹងទទួលបានសញ្ញាប័ត្រចំនួនពីរ ក្នុងពេលតែមួយ ក្រោយបញ្ចប់ការសិក្សាកម្មវិធីចំណេះដឹងទូទៅ រួមមានសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ (ថ្នាក់ជាតិ) ចេញដោយក្រសួងអប់រំយុវជន និងកីឡា និង សញ្ញាបត្រ មធ្សមសិក្សាទុតិយភូមិ (ថ្នាក់អន្ដរជាតិ) ចេញដោយសាលាបញ្ញាសាស្ដ្រអន្ដរជាតិ ផ្ទាល់សម្រាប់សិស្សបន្ដការសិក្សានៅបរទេស។
សម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ សិស្សនឹងទទួលបានសញ្ញាបត្រចំនួន១ផ្សេងទៀតគឺ សញ្ញាបត្រឌីប្លូម ផ្នែកភាសាអង់គ្លេស ដែលចេញពីដោយវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យ បញ្ញាសាស្ដ្រកម្ពុជា ហើយរាល់កម្មវិធីសិក្សាទាំងអស់ បង្រៀនដោយគ្រូមានសមត្ថភាពគរុកោសល្យ បទពិសោធន៍យូរឆ្នាំ និងវិជ្ជាជីវៈក្នុងការបង្រៀនជាច្រើនឆ្នាំ៕