(ភ្នំពេញ)៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបិទបញ្ចប់ទៅប្រកបដោយភាពល្អប្រសើរ រក្សាបានសណ្តាប់ធ្នាប់ សន្តិសុខល្អ មិនមានបាតុភាពណាមួយរំខានដល់ដំណើរការបោះឆ្នោត ឬរាប់សន្លឹកឆ្នោតនោះឡើយ។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានអង្គបោះឆ្នោតប្រមាណ ១១,៧៣០នាក់ បានចេញទៅបោះឆ្នោត ស្មើនឹង៩៩.៨៦ភាគរយ ពោលអ្នកមិនបានទៅបោះឆ្នោតមានត្រឹមតែ១៧នាក់ប៉ុណ្ណោះ។ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល អ្នកដែលទៅបោះឆ្នោតមានតែសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងតំណែងតែប៉ុណ្ណោះ។
លោក ផាន់ រិទ្ធិពល មន្ត្រីគ្រប់គ្រងការបោះឆ្នោតនៅមណ្ឌលភូមិភាគទី៣ ក្នុងខេត្តកណ្តាល បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំងពីរ ក្នុងមណ្ឌលបោះឆ្នោតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគសម្តេចតេជោ ហ៊ុន សែន បានដំណើរការបោះឆ្នោតប្រកបដោយភាពស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ល្អប្រសើរ មិនមានបាតុភាពអ្វីទាំងអស់។ ទាំងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានការចូលរួមតាមដានសង្កេតពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយមិនមានបាតុភាពអ្វីទាំងអស់។
លោក ផាន់ រិទ្ធិពល បានបង្ហាញក្តីសប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះស្ថានភាពដ៏ល្អប្រសើរនៃដំណើរការបោះឆ្នោត ក៏ដូចជារាប់សន្លឹកឆ្នោតនេះ។ មន្ត្រីគ្រប់គ្រងការបោះឆ្នោតរូបនេះ បានចាត់ទុកភាពល្អប្រសើរនេះ បង្ហាញឱ្យពីភាពចាស់ទុំផ្នែកប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជា។
លោក រិទ្ធិពល បង្ហាញក្តីរំពឹងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាចាក់គ្រឹះកាន់តែរឹងមាំ ហើយប្រជាពលរដ្ឋគ្រប់រូបជ្រូតជ្រាបកាន់តែច្បាស់ពីគុណតម្លៃ និងការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមប្រជាធិបតេយ្យ ដើម្បីកសាងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន៕