(ហូជីមិញ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះមហន្តរាយខ្យល់ព្យុះ ដ៏សាហាវចំនួន ៣លើក ដែលបានវាយប្រហារទៅលើ ប្រទេសវៀតណាម និងបំផ្លិចបំផ្លាញ ផ្ទះសម្បែង រាប់មិនអស់ រួមទាំង ដំណាំកសិកម្ម និង សត្វចិញ្ចឹមជាច្រើនទៀត ក្នុងអំឡុងពេល ៨ខែដើមឆ្នាំ ២០១៦នេះ បានបន្សល់ទុកមនុស្សស្លាប់ និងបាត់ខ្លួនសរុបប្រមាណ ៩០នាក់ និង ២៣នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។
ក្រសួងខាងលើនេះ បានប្រាប់ឲ្យដឹងបន្តថា ចាប់តាំងពីដើមឆ្នាំ ២០១៦ មកដល់ពេលនេះ គេហដ្ឋានសរុបចំនួន ២៤៣,៥០០ខ្នងបានដួលរលំ និងប្រជាជនវៀតណាមជាង ១លាននាក់ បានបាត់បង់ ដំណាំរាប់សែនហិកតា ដោយមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់បានវាយប្រហារ។
គួរបញ្ជាក់ឲ្យដឹងថា តួរលេខនេះមានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈដែលប្រជាពលរដ្ឋ រងគ្រោះទាំងនោះ ក៏ទទួលបានជំនួយជាស្បៀង និងជាថវិកាពីរដ្ឋបាល វៀតណាម ជាបណ្តើរៗហើយដែរ៕