Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យ AUPP និងសាកលវិទ្យាល័យ Arizona ចុះហត្ថលេខាកិច្ចព្រមព្រៀង ការផ្ដល់ជូនសញ្ញាប័ត្រទ្វេ

01-09-2016 15:19

(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ស្តីពីសញ្ញាប័ត្រទ្វេ រវាង សាកលវិទ្យាល័យ Arizona ដែលមានទីតាំងនៅសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីផ្ដល់ឱកាសដល់និស្សិត ទទួលបានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ (Bachelor) និងបរិញ្ញាបត្រជាន់ខ្ពស់ (Master) ពីសាកលវិទ្យាល័យ AUPP និង Arizona ខណៈពួកគេសិក្សាពេញម៉ោងនៅកម្ពុជា។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើង ក៏មានវត្តមានចូលរួមលោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាជាសាក្សី។

ក្នុងពិធីនោះផងដែរ លោកស្រ្តាចារ្យ Kenneth Dunn សាកលវិទ្យាធិការ AUPP បានវាយតម្លៃខ្ពស់លើកិច្ចព្រមព្រៀងនេះ ដោយលោកថ្លែងថា «តាមរយៈកម្នវិធីបណ្ដុះបណ្ដាលនេះ AUPP និង Arizona នឹងផ្ដល់ឱកាសដល់និស្សិតកម្ពុជា និងនិស្សិតមកពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន ទទួលបានសញ្ញាបត្រពីគ្រឹះស្ថានឧត្តមសិក្សាទាំងពីរនេះ ដែលនឹងនាំពួកគេឈាន ទៅរកអាជីពប្រកបដោយ ជោគជ័យ»

ជាមួយគ្នានេះ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានថ្លែងថា «យើងបានមើលឃើញការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់និស្សិតកម្ពុជា ដែលចង់បានអប់រំអាមេរិកកាំង ដែលនឹងផ្ដល់ពួកគេជំនាញ និងបទពិសោធន៍ ដែលត្រូវការដើម្បីជោគជ័យ​ ក្នុងទីផ្សារការងារប្រកបដោយភាពប្រកួតប្រជែង ខ្លាំងនេះ។ កិច្ចព្រមពៀងនេះនឹងធ្វើឲ្យសុបិន្តរបសើនិស្សិតកម្ពុជាជោគជ័យ ជាងពេលណាៗទាំងអស់ ។យើងសូមស្វាគមន៍វត្តមានសាកលវិទ្យាល័យ Arizona នៅកម្ពុជា និងសូមជូនពរឲ្យដំណើរការ ទៅមុខប្រកបដោយភាពជោគជ័យ»

សូមជម្រាបថា កម្មវិធីចុះហត្ថលេខានេះ ធ្វើឡើងស្ដីពីភាពជាដៃគូ នឹងផ្តល់អោយនិស្សិតកម្ពុជាទទួលបាននូវការសិក្សាប្រកបដោយគុណភាពខ្ពស់ តាមបែបអាមេរិក ដែលអនុញ្ញាតអោយ គេទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ (Bachelor) និងបរិញ្ញាបត្រជាន់ខ្ពស់ (Master) ពីសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយសិក្សាពេញម៉ោងនៅក្នុងប្រទេសកម្ពុជា៕