(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត នាថ្ងៃសៅរ៍១៥កើត និងថ្ងៃអាទិត្យ ១រោជ ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធីបុណ្យមាឃបូជា តាមទំនៀមទម្លាប់បែបព្រះពុទ្ធសាសនាដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ធំៗ ចំនួន៣ គឺ ១-ចតុរង្គសន្និបាតប្រកបដោយអង្គបួន ២-ប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង ៣-ប្រារព្ធថ្ងៃដែលព្រះសមណគោត្តម ទ្រង់ដាក់ព្រះជន្មាយុសង្ខារ។
ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើង នៅវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះសង្ឃ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រមាណជាង១០០០អង្គ/នាក់។
ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវស្សាវិមលមេគណខេត្ត និងជាព្រះចៅអធិការវត្តកែវវិជ័យ មានសង្ឃដីកាឱ្យដឹងថា ឆ្នាំនេះវត្តកែវវិជ័យ ក៏ដូចបណ្តាវត្តនានាទូទាំង ព្រះរាជាណាចក្រកម្ពុជា បានរៀបចំបុណ្យមាឃបូជានេះឡើង ក្នុងគោលបំណង រំលឹកដល់ព្រឹត្តិការណ៍ធំ៣។
បុណ្យមាឃបូជាត្រូវបានចាត់ទុកថា គឺជាបុណ្យសាសនាដ៏ធំមួយហើយ តែងតែបានរៀបចំធ្វើនៅតាមទីវត្តអារាមជារៀងរាល់ឆ្នាំ មិនដែលខកខាន ក្នុងន័យចូលរួមថែរក្សា និងប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ និងមានទឹកចិត្តជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា រួបរួមសហការសាមគ្គីគ្នា ប្រារព្ធអបអរសាទរពិធីបុណ្យមាឃបូជា មានភាពរលូន។
ព្រះមេគណមានសង្ឃដីកាថា ដោយយល់ឃើញពីគុណតម្លៃ នៃបុណ្យមាឃបូជានេះហើយ បានជានៅគ្រប់វត្តអារាម បានរួមគ្នាប្រារព្ធពីធីនេះយ៉ាងអធិអធម ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងកាន់តែទូលំទូលាយ ទៅដល់ពុទ្ធបរិស័ទ ថាតើយើងបានធ្វើអ្វីខ្លះ សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង ដូចនេះពុទ្ធបរិស័ទជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែចូលរួមថែរក្សាសាសនា វប្បធម៌ ប្រពៃណីនេះឱ្យបានខ្ជាប់ខ្ជួន ប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗទៀត បានឃើញ បានដឹង បានយល់ និងគោរពប្រតិបត្តិ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងកោតសរសើរ ដល់ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទទីជិតទីឆ្ងាយ ដែលបាននិមន្ត និងអញ្ជើញចូលរួម ក្នុងកម្មវិធីបុណ្យមាឃបូជា គឺជាបុណ្យសាសនាដ៏ធំមួយ និងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ លោកបានបញ្ជាក់ថា បុណ្យមាឃបូជា គឺធ្វើឡើងក្នុងគោលបំណងរម្លឹកព្រឹត្តិការណ៍ធំ៣ គឺចរង្គសន្និបាតសង្ឃប្រកបដោយអង្គបួន ថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និងថ្ងៃដែលព្រះសមណគោត្តម ទ្រង់ដាក់ព្រះជន្មយុសង្ខារ។ ពិធីបុណ្យដែលបានដំណើរការយ៉ាងរលូននេះ ដោយសារសង្គមជាតិយើងមានសន្តិភាព ស្ថេរភាពក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំនះនូវរាល់ឧបសគ្គ និងអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកសង្ឃឹមថា ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គ្រប់ទីវត្តអារាម និងពុទ្ធបរិស័ទទាំងអស់ បន្តពង្រឹងពង្រីកលើកស្ទួយ ថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី គោរពនូវពុទ្ធឱវាទ ដោយនាំគ្នារក្សាសីល ទាំងសីល៥ និងទាំងសីល៨ គឺស្វែងរកសភាវៈ ប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខមិនមានបញ្ហានៅក្នុងផ្លូវចិត្ត មានន័យថា ស្មើនឹងពាក្យថា សន្តិគឺសេចក្តីស្ងប់ បង្រៀនឱ្យពុទ្ធសាសនិកខិតខំប្រឹងប្រែងបង្កើតសន្តិភាពសង្គម និងពិភពលោក។
នៅក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានចូលរួមថវិកាទ្រទ្រង់ដល់ដំណើរកម្មវិធី ចំនួន១០លានរៀលផងដែរ៕