(កំពត)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងការិយាល័យបោះឆ្នោតលេខ៥០០១ ស្ថិតក្នុងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង បានប្រព្រឹត្តទៅដោយរលូន រួមទាំងទឹកមុខសប្បាយរីករាយក្នុងការចូលរួមពីអង្គបោះឆ្នោត។

គិតត្រឹមម៉ោង ១០ព្រឹក ការបោះឆ្នោតនៅតែបន្ត ហើយតាមការឱ្យដឹងពី លោក អ៊ុង វិសាល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានឱ្យដឹងថា ការបោះឆ្នោតគឺប្រព្រឹត្តទៅដោយរលូន ពុំមានភាពមិនប្រក្រតីណាមួយក្នុងដំណើរការបោះឆ្នោតកើតមានឡើងឡើយ។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ខេត្តកំពតមានគណបក្សនយោបាយចំនួន៤បានចូលរួមឈរឈ្មោះ ទី១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សហ្វ៊ុនស៊ីនប៉ិច និងទី៤.គណបក្សកម្លាំងជាតិ។ ខេត្តកំពតមានអង្គបោះឆ្នោតសរុប ៥៦៧នាក់ ក្នុងនោះអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់ ៥៦១នាក់ និងអង្គបោះឆ្នោត ជាសមាជិករដ្ឋសភាមានចំនួន៦រួប។

ចំណែកឯការការពារសន្តិសសុខសណ្តាប់ធ្នាប់ផ្សេងៗក្នុងដំណើរការបោះឆ្នោតនេះ ក៏មានភាពល្អប្រសើផងដែរ៕