(កំពង់ស្ពឺ)៖ ស្រ្តីម្នាក់ដែលប្តីរបស់គាត់ ត្រូវបានគេសម្លាប់នៅតាមផ្លូវ ក្នុងស្រុកអង្គស្នូល ហើយត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុននោះ បានដើរកាន់រូបថតប្តី ដោយធ្វើការអំពាវនាវដល់ សមត្ថកិច្ចខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ មេត្តាជួយស្វែងរកជនបង្កមកផ្តន្ទាទោស ឆាប់ៗផង កុំឆ្លើយដាក់គ្នាទៅវិញទៅមក ដោយគ្មានការទទួលខុសត្រូវបែបនេះ។
ស្រ្តីរូបនេះមានឈ្មោះ សុខ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្តីរបស់គាត់ឈ្មោះ សាំង វណ្ណ។ ស្រ្តីរូបនេះបានបញ្ជាក់ថា សពប្ដីរបស់គាត់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរចញ្ចើមផ្លូវ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ប៉ុន្ដែសមត្ថកិច្ចហាក់បីដូចជា គ្មានការទទួលខុសត្រូវសោះ ពេលដែលខ្លួនទៅសួរនាំរឿង ដាក់ពាក្យបណ្ដឹង បែរជាឆ្លើយដាក់គ្នាទៅវិញថា ម្តងឲ្យប្តឹងខាងកំពង់ស្ពឺ ម្តងឲ្យប្តឹងខាងខេត្តកណ្តាល ឬក៏សមត្ថកិច្ចគា្មនសមត្ថភាពក្នុងការធ្វើការងារនេះទេ៕