(ឧត្តរមានជ័យ)៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១៤៨សម្លេង លើ១៥៣សម្លេង និងគណបក្សឆន្ទៈខ្មែរទទួលបាន៥សម្លេង។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តឧត្តរមានជ័យ ចាប់ដំណើរការពីម៉ោង ៧.០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យវិទ្យាល័យតេជោសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ដោយមានអង្គបោះឆ្នោតសរុបចំនួន១៥៣រូប ស្រី៤៤រូប។
ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់បិទការិយាល័យបោះឆ្នោតនៅម៉ោង ៨.៤០នាទី។ ក្រោយរាប់សន្លឹកឆ្នោត លទ្ធផលបណ្តោះអាសន្ន បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន១៤៨សម្លេង និងគណបក្សឆន្ទៈខ្មែរទទួលបាន៥សម្លេង លើ១៥៣សម្លេង។
សូមបញ្ជាក់ថា អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែ (តំណាងប្រជាពលរដ្ឋ)។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនោះឡើយ ពោលការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ដ្រក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ៕