(កំពង់ធំ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ធំ បានដំណើរការដោយរលូន ចាប់ពីវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ខេត្តកំពង់ធំ មណ្ឌលភូមិភាគ៨ មានមួយការិយាល័យបោះឆ្នោតលេខ ៨០០១ ស្ថិតនៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែនអចា្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងកិច្ចដំណើរការបោះឆ្នោតគណៈកម្មការរៀបចំការបោះឆ្នោតបានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោត យើងឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀងទៅតាមគណកម្មការការិយាល័យរៀបចំការបោះឆ្នោត។

សមាជិក សមាជិការ អង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀង ដោយឡែកអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។

តាមការបញ្ជាក់របស់ លោក ហូ ហុង ប្រធានការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតសមាជិករដ្ឋសភា បានឱ្យដឹងថា ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥៩១នាក់ក្នុងនោះសមាជិករដ្ឋសភាក្នុងតំណែងមានចំនួន ៦ រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៥៨៥នាក់។

មានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខរៀងទី២, គណបក្សហ្វុនស៊ិនប៉ិច លេខរៀងទី៣, គណបក្សកំលាំងជាតិ លេខរៀងទី៤។ ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦អាសនៈ៕