(រតនគិរី)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តរតនគិរី នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន ហើយអ្នកមានសិទ្ធិបោះឆ្នោតបាន បង្ហាញវត្តមានគ្រប់ចំនួន នៅការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតលេខ8005 ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ខេត្តរតនគិរី។

បើតាមលោក ប៉ែន ឈុនឌី ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឱ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ មានអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ សរុប ២៦១នាក់ (ស្រី៦០នាក់) ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងទាំង ៥០ឃុំសង្កាត់ ក្នុងខេត្ត និងអ្នកតំណាងរាស្រ្ដក្នុងតំណែង ១រូបផងដែរ។

លោកបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តរតនគិរី បានប្រព្រឹត្តដោយរលូន ចាប់ពីម៉ោង ៧៖០០ព្រឹក នឹងត្រូវបញ្ចប់នៅម៉ោង ៣៖០០រសៀលគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នេះមានចំនួន៤គណបក្សគឺ៖ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១, គណបក្ស ឆន្ទៈខ្មែរ លេខរៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣, គណបក្ស កម្លាំងជាតិ លេខរៀងទី៤៕