ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តពោធិ៍សាត់ បានដំណើរការដោយរលូន ដោយមានអង្គបោះឆ្នោត ៣៤៥នាក់
25-02-2024 10:35
(ពោធិ៍សាត់)៖ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តពោធិ៍សាត់ បានដំណើរការយ៉ាងរលូន នៅមណ្ឌលបោះឆ្នោតមណ្ឌលធនធាន ការិយាល័យលេខ៧០០៥ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់។ សម្រាប់ខេត្តពោធិ៍សាត់ គឺជាមណ្ឌលភូមិភាគទី៧ ដែលមានអង្គបោះឆ្នោតមកពីគណបក្សនយោបាយ ចំនួន២ សរុប៣៤៥នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានចំនួន៣១៥នាក់ (តំណាងរាស្ត្រ ០៤នាក់) និងមកពីគណបក្សភ្លើងទាន ចំនួន៣០នាក់។
គួរជម្រាបជូនថា ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលបន្ទាប់ពីព្រះមហាក្សត្រ ពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាគឺជាប្រមុខរដ្ឋស្ដីទី។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ ពិតមែនតែការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទះ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៍ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទះរបស់ប្រជាជន៕