(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានចាប់ពីម៉ោង៧ព្រឹក ការិយាល័យនៅទូទាំង​ប្រទេស​បានបើកដំណើរការព្រមគ្នាទាំង ៣៣ការិយាល័យ នៅគ្រប់៨មណ្ឌលតែម្តង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកបានដឹងឱ្យថា អង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​ បានអញ្ជើញមកមុនដើម្បីតម្រង់​ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំ​មើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ភ្នាក់ងារ​គណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់​ការិយាល័យ​ទាំង៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេត​មើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរ​ប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ។

លោកបានបញ្ជាក់ថា មួយម៉ោងដំបូងឃើញថា យ៉ាង​ហោចក៏​មានការិយាល័យបោះឆ្នោតចំនួន២បានបិទ និងបានរាប់រួច​ហើយ​ដែរ គឺនៅខាងមណ្ឌលគីរី និងកែប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅការិយាល័យបោះឆ្នោត​នៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានអង្គបោះឆ្នោតចំនួន ៩១១នាក់ ចេញចែកជា ២ការិយាល័យ។

លោកបានបន្ថែមថា សម្រាប់ទិដ្ឋភាពទូទៅមានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពល្អ និងមានកិច្ចសហការល្អរវាងអាជ្ញាធរ​ដែនដី គណៈអចិន្ត្រៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងមន្ត្រី គ.ជ.ប និងតំណាងគណបក្សនយោបាយ ក៏មានវត្តមានផង​ដែរ។ ការ​ប្រព្រឹត្តទៅដោយរលូន។ លោកសង្ឃឹមថា រហូតដល់ចប់ការ​បោះឆ្នោតនេះក៏នឹងប្រព្រឹត្តទៅដោយល្អប្រសើរ៕