(រដ្ឋញូវដេលី)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការធុរកិច្ចជាមួយលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនលោកឯកអគ្គរាជទូត នូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការគោរពជូនពរពីអ្នកឧកញ៉ាប្រធាន។

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនលោកឯកអគ្គរាជទូតអំពីសាវតាសមាគមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ជាពិសេសតួនាទីស្នូលដែលបញ្ញត្តិ នៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ស្តីពីគោរមងារឧកញ៉ា ព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងភាពជាដៃគូមួយដ៏មានសក្តានុពល ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិន មកកាន់ប្រទេសកម្ពុជា។

កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់ ដែលកំពុងប្រកបជំនួញលើពហុវិស័យនៅកម្ពុជា អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀត ក្នុងវិស័យសក្តានុពលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនឥណ្ឌា ដោយមានការជួយសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាផងដែរ ខណៈដែលឥណ្ឌាគឺ ជាប្រទេសដែលមានសក្តានុពលធំ មានប្រជាជនច្រើន និងមានទំហំសេដ្ឋកិច្ចលំដាប់លេខ៥ នៅលើពិភពលោក ចំណែកឯជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកាលពីឆ្នាំ២០២៣ មានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារ ដោយកម្ពុជានាំចូលទំនិញពីឥណ្ឌាមានចំនួន ១៩៣លានដុល្លារ ចំណែកការនាំចេញទៅឥណ្ឌាមានចំនួន ២៩៣លានដុល្លារ។

លោក កុយ គួង បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានា ជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់។

លោកបានបន្តថា ស្ថានទូតនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ជូនបណ្តាធុរជនឥណ្ឌា ជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាជាមួយដៃគូឥណ្ឌា ដែលសុទ្ធសឹងតែជាពាណិជ្ជករ មានសក្តានុពល ដើម្បីជាគុណប្រយោជន៍ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។

លើសពីនេះ លោកបានសង្កត់ធ្ងន់ថា តាមរយៈសមាគមឧកញ៉ាកម្ពុជា គឺជាច្រកមួយក្នុងការកៀរគរវិនិយោគិនផងដែរ នាពេលខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួល ដោយស្ថានទូតក្នុងភាពជាដៃគូផ្នែកឯកជនមួយ ដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍជាតិ និងការបង្កើតការងារជាដើម។

ជាការកត់សម្គាល់ដែរនោះ លោកឯកអគ្គរាជទូតបានបន្ថែមថា ខណៈពេលនេះ ស្ថានទូតកម្ពុជាកំពុងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌា ដើម្បីឈានទៅដល់ការសម្រេចជាស្ថាពរ អំពីការភ្ជាប់ជើងហោះហើរត្រង់ រវាងទឹកដីឥណ្ឌា មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ហោះហើរដោយក្រុមហ៊ុន IndiGo នៅក្នុងឆ្នាំ២០២៤នេះ ដែលជាការពង្រីកសក្តានុពលទេសចរណ៍ រវាងប្រទេសទាំងពីរ។ រីឯគម្រោងហោះហើរត្រង់ពីញូវដែលី-ភ្នំពេញ គ្រោងហោះហើរក្នុងខែមេសា ឬឧសភា ហើយយ៉ាងយូរនៅខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុន Cambodia Angkor Air។

ជាកិច្ចបញ្ចប់ លោកឯកអគ្គរាជទូតក៏បានតាំងចិត្តរួមគ្នា ជាមួយសមាគមឧកញ៉ាកម្ពុជា ក្នុងការបន្តកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកកាលានុវត្តភាពបន្ថែមទៀត ជួយដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងគ្នា ដើម្បីបង្កឱ្យមានជំនួបធុរកិច្ចជាបន្តបន្ទាប់ នាពេលខាងមុខទៀត៕