(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងការិយាល័យបោះឆ្នោត មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
លោកអភិបាល បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឲ្យបានកាន់តែលំប្រសើរថែមទៀត ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥ កុម្ភៈ ស្អែកនេះហើយ។ ពោលត្រូវសម្រេចឲ្យបាននូវការបោះឆ្នោតមួយ ដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យ ឬគំរាមកំហែង ក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។
តាមការសង្កេតជាទូទៅ ក្នុងដំណាក់កាល នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អ ពុំមានអំពើហិក្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរអោយកត់សំគាល់នោះទេ។ ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានណែនាំឲ្យបាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោតឲ្យបានស្អាត និងដាក់កម្លាំងយាមកាមឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ដែលត្រូវបោះឆ្នោតសំរាប់រាជធានីភ្នំពេញមានចំនួន៩១១នាក់ ក្នុងនោះ ក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ៕