(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រង លើការបរិច្ចាគការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់នេះ ឲ្យមានភាពទូលំទូលាយទាំងពេទ្យរដ្ឋ និងឯកជន នៅគ្រប់រាជធានីខេត្ដ ពិសេស ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសអបអរសាទរ ពិធីផ្សព្វផ្សាយច្បាប់នេះ ជាលើកដំបូងនៅកម្ពុជា លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស គឺមានចំនួន៦ជំពូក ៣៤មាត្រា ដែលយើងធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងតម្លាភាពក្នុងការព្យាបាលសង្គ្រោះជីវិត និងបង្កើនសុខមាលភាព របស់ប្រជាពលរដ្ឋតាមរយៈ ការផ្សំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស និងធានាការពារទប់ស្កាត់ការជួញដូរ មិនឲ្យកើតមានឡើងឡើយនៅកម្ពុជា។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា «ជុំវិញច្បាប់ ដែលចេញផ្សព្វផ្សាយនេះ ខាងក្រសួងសុខាភិបាល នឹងរៀបចំគ្រប់គ្រងបានយ៉ាងត្រឹមត្រូវ ទៅតាមស្ដង់ដារអន្ដរជាតិ ទាំងគ្រឿងបច្ចេកទេស បរិកា្ខរផ្សេងៗ គ្រូពេទ្យជំនាញៗជាច្រើនទៀត ពិសេសយើងនឹងបណ្ដុះបណ្ដាល ដល់បណ្ដាមន្ទីរពេទ្យទាំងអស់ ដើម្បីធានានូវសុខសុវត្ថិភាពគ្រប់បែបយ៉ាង ហើយកម្រៃសេវាកម្ម គឺធានាថាសមស្របបំផុត សម្រាប់ប្រជាពលរដ្ឋយើង ព្រោះអ្វីដែលយើងបង្កើតឡើងនេះ គឺដើម្បីតែជួយសង្គ្រោះដល់ប្រជាជនយើងតែប៉ុណ្ណោះ»។
លោករដ្ឋមន្ដ្រី ថ្លែងបន្ថែមថា ខណៈច្បាប់នេះបានដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ យើងទាំងអស់គ្នាគ្រប់ស្ថាប័នពាក់ព័ន្ធ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការជួយសង្គ្រោះដល់ អ្នកជំងឺគ្រប់ស្ថានភាពទាំងអស់ ហើយបើសិនជាមានករណីណា ដែលធ្វើខុសពីច្បាប់ ដែលបានចែងទាំងនេះ នឹងផ្ដន្ទាទោស ដាក់ពន្ធនាគារ និងផាកពិន័យជាប្រាក់ផងដែរ ៕