(ភ្នំពេញ)៖ លោក សុខ ស៊ុន ទីប្រឹក្សាក្រសួងសុខាភិបាល នឹងជាប្រធាននាយកដា្ឋនមន្ទីរពេទ្យ តំណាងលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា អ្នកវេជ្ជសាស្ត្រ អ្នកអមវេជ្ជសាស្ត្រ ឬអ្នកជំនួយវេជ្ជសា្រស្ត មួយរូប មានសិទ្ធសុំបើកសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ឬជំនួយវេជ្ជសាស្រ្តឯកជនរបស់ខ្លួនបានតែមួយកន្លែងគត់ ទោះជាអ្នកនោះមានសញ្ញាប័ត្រឯកទេសច្រើនក៍ដោយ។

ការលើកឡើងយ៉ាងដូច្នេះរបស់ លោក សុខ ស៊ុន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទលើកទី១ របស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា(សមឯក) ក្រោមប្រធានបទ «រួមគ្នាលើកម្ពស់នវានុវត្តន៍ការថែទាំសុខភាពក្នុងវិស័យឯកជន» ដែលមានអ្នកចូលរួមប្រហែល ២០០នាក់ អញ្ជើញមកពីមន្ទីរពេទ្យ និងគ្លីនិកឯកជនដែលជាដៃគូសក្រាសផ្នែកវេជ្ជសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល និង នាយកដ្ឋានមន្ទីរពេទ្យ ជាតំណាងក្រសួងសុខាភិបាល។

លោក សុខ ស៊ុន បាលើកឡើងយ៉ាងដូច្នេះថា «ចំពោះអ្នកមានបំណងចង់បើកសាខាមន្ទីរពេទ្យ មន្ទីរពហុព្យាបាល ឬសម្រាកព្យាបាល សូមមេត្តាជួយពិនិត្យមើលលើច្បាប់ យោងច្បាប់ ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ត្រង់ជំពូក២៖ ការបើក ការកែទ្រង់ទ្រាយ និងការបិទសេវាវេជ្ជសាស្ត អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ មាត្រា៨៖ អ្នកវេជ្ជសាស្ត្រ អ្នកអមវេជ្ជសាស្ត្រ ឬអ្នកជំនួយវេជ្ជសាស្ត មួយរូប មានសិទ្ធសុំបើកសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ឬជំនួយវេជ្ជសាស្រ្តឯកជនរបស់ខ្លួនបានតែមួយកន្លែង ទោះជាអ្នកនោះមានសញ្ញាប័ត្រឯកទេសច្រើនក៍ដោយ ករណីនេះមិនមែនក្រសួងតឹងតែងទេ តែដោយសារតែច្បាប់ចងមក ដូចនេះត្រូវតែអនុវត្តតាមច្បាប់ជាធរមាន»

លោកបានពន្យល់បន្ថែមថា នៅពេលដែលសុំបើកសាខា ដែលបានពីក្រសួងពាណិជ្ជកម្ម ទោះបីមានបង់ពន្ធក៏ដោយ ប៉ុន្តែបើមកខាងក្រសួងសុខាភិបាល ក្រសួងមិនជំទាស់ការបើកសាខារបស់គាត់ទេ តែត្រូវតែបង្កើតលក្ខខណ្ឌថ្មី គឺឈ្មោះថ្មី មិនអាចគ្រូពេទ្យមួយនៅសាខាទីមួយ ហើយទៅបើកសាខាទី២យកឈ្មោះគ្រូពេទ្យដដែលនោះទៅបើិកទៀតទេ ត្រូវតែមានអ្នកឈរឈ្មោះថ្មី។

ប្រធានមន្ទីរពេទ្យសមាគមមន្ទីរពេទ្យឯកជន លោកវេជ្ជបណ្ឌិត សោម លក្ខិណា បានឲ្យដឹងថា សមាគមមន្ទីរពេទ្យឯកជនកម្ពុជាបានចុះបញ្ជីរជាមួយក្រសួងមហាផ្ទៃជាផ្លូវការកាលពីខែមករា ឆ្នាំ២០២៣ និងបានរៀបចំសកម្មភាពមួយចំនួនរហូតមកដល់ថ្ងៃនេះ ។ សមាគមមន្ទីរពេទ្យឯកជនកម្ពុជាមានបេសកម្ម ដោយមានមានគោលដៅការពារផលប្រយោជន៍សមាជិកទាំងអស់ និង ផ្តល់បរិយាកាសល្អសម្រាប់ការរីកចម្រើនធុរៈកិច្ច ឆ្ពោះទៅរកការទទួលស្គាល់ស្តង់ដារគុណភាពសេវាថែទាំព្យាបាលសុខាភិបាលថ្នាក់ជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោកបានបញ្ចាក់ថា សន្និសីទដំបូងរបស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ត្រូវបានផ្តួចផ្តើមក្នុងគោលដៅផ្តល់ឱកាសឱ្យសមាជិក ទទួលបានការរៀនសូត្រ ការចែករំលែក និង ការភ្ជាប់ទំនាក់ទំនង ដោយគោលបំណងសំខាន់ចំនួនពីរគឺ ដើម្បីកសាងសមាជិកភាពរបស់សមាគមន៏ នឹង ដើម្បីលើកកម្ពស់នវានុវត្តន៏ការថែទាំសុខភាពក្នុងវិស័យឯកជន ក្នុងការរួមវិភាគទានដល់ការធានារ៉ាប់រងសុខភាពជាសកល (Universal Health Coverage)។

សូមបញ្ចាក់ផងដែរថា សមាជិករបស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ជាម្ចាស់ ឬ តំណាងឲ្យ មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាល នឹងត្រូវទទួលបានផលប្រយោជន៍ដូចជា៖

- ការចូលរួម ការពង្រឹងសមត្ថភាពដល់គ្រូពេទ្យ ឬ បុគ្គលិក របស់មូលដ្ឋានសុខាភិបាលឯកជន តាមយៈ ការចូលរួម វគ្គបណ្តុះបណ្តាល សិក្ខាសាលាវេជ្ជសាស្រ្ត កិច្ចប្រជុំ នានា។

- សមាគមមន្ទីរពេទ្យឯកជនកម្ពុជាជា CPD Provider ដោយមានការសហការណ៍ជាមួយ គណៈគ្រូពេទ្យកម្ពុជា នឹងរៀមចំ CPD ដោយមានការផ្តល់ពិន្ទុ ដែលជាធនធានមួយសម្រាប់ការបន្តអញ្ញាប័ណ្ណ គណៈគ្រូពេទ្យកម្ពុជា ។

- មានឳកាស ផ្វព្យផ្សាយ និងចូលរួម ជាមួយសមាគមមន្ទីរពេទ្យឯកជនកម្ពុជា ក្នុងការចែករំលែក បទពិសោធន៍ការងារ ការគ្រប់គ្រង ការងារវេជ្ជសាស្រ្តនានា ដល់សមាជិកផ្សេងទៀត។

- ការមានទំនាក់ទំនងលើឆាកអន្តរជាតិតាមរយៈសមាគមមន្ទីរពេទ្យឯកជនកម្ពុជា៕