(បន្ទាយមានជ័យ)៖ តំណាងក្រុមហ៊ុនតូយូតា ដែលកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញក្តីបារម្ភចំពោះល្បែងអនឡាញ ក៏ដូចជាកំណើនកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្ម និងការវិនិយោគរបស់ខ្លួន។
កង្វល់នេះ ត្រូវបានលើកឡើងនៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពេលរូបលោកចុះពិនិត្យច្រវាក់ផលិតកម្មក្រុមហ៊ុននៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ដើម្បីបានជ្រាបច្បាស់ពីសកម្មភាពវិនិយោគ ក៏ដូចជាបញ្ហាទាំងឡាយរបស់អ្នកវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យដោយផ្ទល់នៅរោងចក្រធំៗចំនួន៣ ដែលកំពុងធ្វើសកម្មភាពនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប។
ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រីចុះពិនិត្យនោះរួមមាន៖
១៖ ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣ លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសថៃ, ជប៉ុន, សិង្ហបុរី និងសហរដ្ឋអាម៉េរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។
២៖ ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ ប្រទេសថៃ បានបង្កើតការងារចំនួន ២៣៩កន្លែង។
៣៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាម៉េរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។
ក្រៅពីពិនិត្យច្រវាក់ផលិតកម្មហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជួបស្តាប់នូវបញ្ហានានារបស់អ្នកវិនិយោគកំពុងប្រឈមនាពេលបច្ចុប្បន្នផងដែរ។ ក្នុងនោះតំណាងក្រុមហ៊ុនតូយូតា បានលើកបង្ហាញកង្វល់ជុំវិញល្បែងអនឡាញ និងកំណើនកាស៊ីណូនៅក្នុងក្រុងប៉ោយប៉ែត។
តំណាងក្រុមហ៊ុន បានលើកឡើងថា កំណើនកាស៊ីណូ បានអូសទាញកម្លាំងពលកម្ម ធ្វើឱ្យក្រុមហ៊ុនជួបបញ្ហារើសកម្លាំងពលកម្ម។ បន្ថែមពីលើនោះ ល្បែងអនឡាញ ក៏ដូចជាកាស៊ីណូ ធ្វើឱ្យកម្មករមួយចំនួនធ្វើការមិនទៀងទាត់ បាត់បង់ចំណូលព្រោះការលែងល្បែង ព្រមទាំងបង្កើតទៅជាបញ្ហាអសន្តិសុខផ្សេងៗ។
បើតាមតំណាងក្រុមហ៊ុនបញ្ហាល្បែងនេះ ធ្វើឱ្យក្រុមហ៊ុនពិចារណាក្នុងការទម្លាក់ទុនបន្ថែមវិនិយោគនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការភ្ញាក់ផ្អើលចំពោះបញ្ហានេះ។ លោកបានទទួលយកបញ្ហានេះ ហើយសន្យាយកទៅជជែកជាមួយរាជរដ្ឋាភិបាល ដើម្បីរិះរកដំណោះស្រាយ។
ក្រៅពីបញ្ហាល្បែងហើយនោះ ក្រុមហ៊ុន Nidec Die-Casting ក៏បានលើកពីការដាច់ជាញឹកញាប់នូវបណ្តាញអគ្គិសនី ដែលធ្វើឱ្យប៉ះពាល់ច្រវាក់ផលិតកម្ម ជាពិសេសធ្វើឱ្យខូចម៉ាស៊ីនរបស់ខ្លួន។ ក្នុងនោះបញ្ហាប្រព័ន្ធទឹកមានភាពល្អក់កកក ក៏ធ្វើឱ្យប៉ះពាល់គុណភាពផលិតផល ត្រូវបានលើកឡើងផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ទទួលបញ្ហាទាំងពីរនេះ ទៅជាជជែកជាមួយអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយជូនក្រុមហ៊ុនដូចគ្នាផងដែរ៕