(ភ្នំពេញ)៖ តាមរយៈបណ្តាញ Telegram និង Facebook ផ្លូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសថា មានជនអនាមិកបានលួចបង្កើតគណនី Telegram ក្លែងក្លាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យកទៅប្រើប្រាស់ក្នុងបំណងទុច្ចរិត។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន កុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់​ផ្សេងៗ របស់ជនខិលខូចទាំងនោះ។

តាមរយៈបណ្តាញ Telegram និង Facebook ផ្លូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា​ មានជនអនាមឹក​បានបង្កើតគណនីតេលេក្រាមក្លែងក្លាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយបានបោកប្រាស់​ និងមានគោលបំណងទុច្ចរិតផ្សេងៗ។

សូមបងប្អូន​ ពូមីង​ លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្ន​ ហើយកុំចាញ់ការបោកប្រាស់​ ឬចេតនាអាក្រក់​ និងសូមចែករំលែកបន្តផងដែរ។

សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ https://t.me/Dr_Hunmanetofcambodia»៕