(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែង បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដេប៉ូ ជូលី លក់ឈើគ្រប់ប្រភេទ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តទីក្រុងកោះពេជ្រ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៤គ្រឿង, រថយន្តទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តបុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹក២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយសារតែទីតាំងខាងលើមានផលលំបាក ដូចជាស្ថានភាពផ្លូវមានការតូចចង្អៀតពិបាកឲ្យកម្លាំងសមត្ថកិច្ចជំនាញ ចូលទៅក្នុងដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចប្រើប្រាស់វិធានសាស្ត្រដើរថ្មើរជើង ដោយធ្វើការអូសទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ១៥ម៉ែត្រ គុណ៨ម៉ែត្រ បានបណ្តាលឲ្យឆេះឃ្លាំងដែកប្រក់ស័ង្កីសី រួមទាំងឈើអស់ប្រហែល៣០% ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះឈើ ទំហំ៧ម៉ែត្រ គុណ២៥ម៉ែត្រ ចំនួន១ខ្នងអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង១០៖៣៥នាទីយប់ ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស រឺក៏ស្លាប់នោះឡើយ។ ចំណកឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចន្តអគ្គីសនីបង្កជាអគ្គិភ័យ៕