(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអង្គការចៃការបស់ជប៉ុន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះមកពិនិត្យនៅច្រកស្ទឹងបត់និងជួបជជែកជាមួយអាជ្ញាធរពាក់ព័ន្ធនេះ ដើម្បីរិះរកយន្តការមួយចំនួនពន្លឿននីតិវិធីនានា ក្នុងការដឹកជញ្ជូនទំនិញឆ្លងការព្រំដែនស្ទឹងបត់របស់កម្ពុជា និងច្រកបានណងអៀន របស់ថៃ។
ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់ភាគីពាក់ព័ន្ធថា ការលើកកម្ពស់បរិយាកាសវិនិយោគ កាត់បន្ថយនីតិវិធីស្មុគស្មាញសម្រាប់ការធ្វើធុរកិច្ច គឺជាកិច្ចការ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ខ្ពស់ ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។
«សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងណាស់ក្នុងការដើរទាក់ម៉ូយ ដូច្នេះយើងគ្រប់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាជួយរក្សា និងថែទាំម៉ូយទាំងអស់ហ្នឹង តាមរយៈការផ្តល់ភាពងាយស្រួលដល់ការរកស៊ីរបស់គេ»។ នេះជាការគូសបញ្ជាក់ទៅរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។
បន្ទាប់ពីបានពិនិត្យ និងជួបពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធពាក់ព័ន្ធការដឹកជញ្ជូនទំនិញឆ្លងច្រកអន្តរជាតិស្ទឹងបត់ហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរចុះពិនិត្យច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមួយចំនួន ដែលកំពុងដំណើរ ការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប។
ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រី បានចុះទៅពិនិត្យច្រវាក់ផលិតកម្មនេះ រួមមាន៖
១៖ ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣ លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសថៃ, ជប៉ុន, សិង្ហបុរី និងសហរដ្ឋអាម៉េរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។
២៖ ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ ប្រទេសថៃ បានបង្កើតការងារចំនួន ២៣៩កន្លែង។
៣៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាម៉េរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។
ក្រៅពីចុះពិនិត្យច្រវ៉ាក់ផលិតកម្មហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជួបស្តាប់នូវបញ្ហានានារបស់អ្នកវិនិយោគកំពុងប្រឈមនាពេលបច្ចុប្បន្ន ហើយសន្យាលើកយកបញ្ហានោះដាក់ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគេ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសរវាងកម្ពុជា-ជប៉ុន និងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ថៃជាដើម៕