(កំពង់ធំ)៖ ក្រោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកទេសរដ្ឋមន្រ្តី ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ផងដែរពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចកាត់ឆ្វៀលដីមួយចំនួននៅស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ បានអាស្រ័យផលលើដីនោះ។

ជាក់ស្តែងស្ថិតក្នុងរដូវប្រមូលផលស្រូវនេះ បងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលនិន្នផលស្រូវរបស់ពួកគាត់ ទទួលបានផលល្អគួរជាទីពេញចិត្ត តែទោះជា​យ៉ាងណាក្តីកង្វល់របស់ពួកគាត់ក៏នៅតែមាន ខណៈពេលដែលស្រូវប្រាំងរបស់ពួកគាត់ប្រមូលផលបានហើយ តែតម្លៃស្រូវវិញហាក់ចាប់ផ្តើមធ្លាក់ថ្លៃ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈពេលដែលពួកគាត់កំពុងប្រមូលផលស្រូវផ្ទាល់ លោក ប្រាក់ ផៃ ប្រជាកសិកររស់នៅភូមិទួលតាមុំ ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយក៏ជាប្រជាពលរដ្ឋ ដែលទទួលបានដីដែលប្រមុខរាជរដ្ឋាភិបាល បានកាត់ឆ្វៀលពីដីតំបន់៣ មកជាដីតំបន់២ ដើម្បីឱ្យពួកគាត់អាចអាស្រ័យផល បានបញ្ជាក់ឱ្យដឹងថា ក្រោមការយកចិត្តដាក់របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដែលបានខ្នាស់ខ្នែងជួយបូមទឹកជួយសង្គ្រោះ ស្រូវរបស់ពួកគាត់ទាន់ពេល សម្រាប់និន្នផលស្រូវរបស់ពួកគាត់ឆ្នាំនេះ គឺបានផលច្រើនគួរសមដែរ។

ជាមួយនឹងទឹកមុខសប្បាយរីករាយ លោក ប្រាក់ ផៃ បានបន្ថែមថា សម្រាប់និន្នផលស្រូវឆ្នាំនេះ បានទទួលផលរាងកើនឡើងជាងរាល់ឆ្នាំ ខណៈក្នុងស្រែមួយហិចតា អាចប្រមូលផលបានពី ៤តោន ទៅជាង ៤តោន ដែលចំនួននេះទៀតសោត ក៏បានអាចធ្វើឱ្យពួកគាត់លក់ចេញបានទទួលផលចំនេញខ្លះដែរ ទៅតាមតម្លៃដែលឈ្មួញបានចុះទិញផងដែរ។

តែទោះយ៉ាងណាលោកក៏បានឱ្យដឹងទៀត កាលពីប្រមូលផលដើមដៃតម្លៃស្រូវក្នុង ១គីឡូក្រាមអាចបាន ១២០០រៀល ខណៈដែលមកដល់ពេលនេះ នៅពេលពលរដ្ឋសម្រុកប្រមូលផលស្រូវបានច្រើន តម្លៃស្រូវក៏បានធ្លាក់ចុះមកចន្លោះពីជាង ៩០០រៀល ក្នុងមួយគីឡូក្រាម ទៅ ១,០១០រៀល ក្នុងមួយគីឡូក្រាម ហើយសម្រាប់តម្លៃនេះដែរ បើស្រែដែលមិនទទួលបានផលច្រើន ពួកគាត់ក៏អាចប្រឈមនឹងការខាតខ្លះផងដែរ ដោយសារពួកគាត់ត្រូវយកទៅទូទាត់តម្លៃ ជី ថ្នាំបាញ់ស្មៅ និងថ្នាំបាញ់សត្វល្អិតមានតម្លៃថ្លៃគួរ។

តំណាងឱ្យពលរដ្ឋនៅភូមិទួលតាមុំ ឃុំស្រឡៅ ទាំងអស់ លោក ប្រាក់ ផៃ ក៏បានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំ បន្តជួយដល់ប្រជាកសិករ ដែលកំពុងប្រមូលផលស្រូវ ជួយរកទីផ្សារសម្រាប់ប្រជាកសិករឱ្យបានតម្លៃស្រូវសមរម្យ និងកុំឱ្យស្រូវបន្តធ្លាក់ថ្លៃតទៅផងដែរ។

នាឱកាសដ៏រីករាយនារដូវប្រមូលផលនេះដែរ ប្រជាពលរដ្ឋទាំងអស់ភូមិទួលតាមុំ ឃុំស្រឡៅ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងអរគុណជាអនេក ចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចកាត់ឆ្វៀលដីតំបន់៣ មកតំបន់២ នៅក្នុងភូមិទួលតាមុំ ស្រុកតាំងគោក ដើម្បីឱ្យជាពលរដ្ឋមានសិទ្ធិអាស្រ័យផលដោយស្របច្បាប់ និងចាត់ទុកថា នេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងរបស់ប្រមុខថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋផងដែរ។

ជាមួយនឹងអារម្មណ៍សប្បាយរីករា យក្រោយឃើញមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន មានខ្លះកំពុងប្រមូលផលស្រូវ និងខ្លះទៀតបានចាប់ផ្តើមធ្វើស្រែឡើងវិញ ជាបន្តបន្ទាប់នោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា លោកតែងតែបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋកំពុងតែអាស្រ័យផលនៅ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ជាញឹកញាប់ និងបានបញ្ជាក់ថាការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងពិនិត្យការបោះបង្គោលព្រំដី ដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើពលរដ្ឋមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ ហាមមិនឱ្យទន្ទ្រានបន្តទៀតនោះទេ ដោយត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង មិនធ្វើឱ្យបាត់បង់ព្រៃលិចទឹក ដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ។

លោក ហាក់ ម៉ុងហួត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់៣ ដែលបានឆ្វៀលមកតំបន់២ហើយ សូមរក្សាឱ្យបានល្អហាមជាដាច់ខាតមិន ឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតនោះទេ និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បើឃើញសកម្មភាពដែលជនខិលខូច កំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕