(ព្រះសីហនុ)៖ បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ ២០០បង្គោល សម្រាប់ដាក់បំភ្លឺ នៅកំណាត់ចុងផ្លូវជាតិលេខ៤ ដែលចាប់ផ្តើមតភ្ជាប់ ពីច្រកចូលតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៃស្រុកព្រៃនប់ ដល់រោងចក្រស្រាបៀរអង្គរ ក្នុងសង្កាត់លេខ១ នៃក្រុងព្រះសីហនុ ដែលមានចម្ងាយផ្លូវប្រមាណ ១៤គីឡូម៉ែត្រ ត្រូវបានសាលាក្រុងហ្វូស៊ី និងសាលាខណ្ឌស៊ីស៊ាន នៃខេត្តជៀងស៊ូ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន តាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រគល់ជូនសាលាខេត្តព្រះសីហនុ នៅស្នាក់ការក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
លោក CHEN JIANG GANG ប្រធានក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា ការផ្តល់បង្គោលភ្លើងនេះ គឺក្នុងគោលបំណងដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ លោកប្រធានក្រុមហ៊ុន បន្ថែមថា មហិច្ចតារបស់ក្រុមហ៊ុន នាពេលអនាគតខាងមុខនេះ នឹងប្រែក្លាយតំបន់ឧស្សាហកម្មនេះ ទៅជាតំបន់ពាណិជ្ជកម្មបន្ថែមទៀត ដោយក្នុងនោះក៏មានការបង្កើត មន្ទីរពេទ្យទំនើបមួយ ព្រមទាំងប្រែក្លាយសាលារៀនមួយ ក្នុងឃុំបិតត្រាំងឲ្យក្លាយទៅជាសាលាទំនើបមិនចាញ់សាលារៀននានា ក្នុងរាជធានីភ្នំពេញឡើយ ហើយជាពិសេសនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ និងមានក្រុមហ៊ុនអាកាសចរណ៍មួយឲ្យ ហោះហើរត្រង់ពីខេត្តជៀងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុនេះផ្ទាល់ផងដែរ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំមន្រ្តីពាក់ព័ន្ធប្រមាណ២០រូប ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តជៀងស៊ូ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកន្លងមកតែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុឲ្យមានការរីកចំរើនតទៅមុខទៀត។
លោក យន្ត មីន ក៏បានសំដែងទឹកចិត្តរីករាយផងដែរ ដែលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានគំរោងបង្កើតមន្ទីរពេទ្យនៅខេត្តព្រះសីហនុនេះ ដោយលោកបាន ពន្យល់ប្រាប់ថា ទីក្រុងព្រះសីហនុ គឺជាទីក្រុងទេសចរដែលមួយឆ្នាំទៅមួយឆ្នាំកំនើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវជនជាតិចិន មានការកើនឡើងជាលំដាប់ ហើយនៅក្រុងព្រះសីហនុយើង ក៏មានមន្ទីរពេទ្យរដ្ឋមួយដែរ ប៉ុន្តែអនាគតមិនអាចទ្ររទ្រង់ ជាមួយនិងកំនើនភ្ញៀវទេសចរ ដែលចេះតែកើនឡើងនេះបានទេ៕