(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់មុខសាលារៀនភាសាចិន «ទួនហ្វា» បានធ្វើរិះគន់ធ្ងន់ៗ ទៅលើនាយកសាលាមួយនេះ ក៏ដូចជា អ្នកគ្រប់គ្រងទូទៅ ដែលបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកបើករថយន្ដដឹកសិស្ស ទៅឈប់កណ្ដាលផ្លូវដោយមិនទុកឲ្យអ្នកដទៃធ្វើដំណើរឡើយ។
ទង្វើបែបនេះហាក់បីដូចជា សាលារៀនមួយនេះ បានទិញផ្លូវលេខ១៦៧ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ជាកម្មសិទ្ធិផ្ទាល់ខ្លួនអញ្ជឹង។ សម្រាប់អាជ្ញាធរខណ្ឌចំការមនវិញ ហាក់បីដូចជា មិនបានមើលឃើញបញ្ហានេះទេ ដោយទុកឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងបែបនេះ។
ប្រជាពលរដ្ឋដែលលំនៅឋានក្បែរនោះ បានប្រាប់អង្គភាព Fresh News ថា «ក្រុមអ្នកបើករថយន្ដដឹកសិស្សសាលានេះ មានអត្តចរិកឈ្លើញណាស់ ហើយបានយកឡានមកឈប់ មិនបានគិតគូពីអ្នកដែលត្រូវធ្វើដំណើរសោះ។ មើលទៅផ្លូវនេះ គាត់ទិញដាច់ ឬយ៉ាងណានោះទេ ហើយប្រសិនបើមានអ្នកឆ្លងកាត់តាមផ្លូវហ្នឹង ក្រុមអ្នកបើកបរនោះថែមទាំងនិយាយសម្ដីមិនសមរម្យដាក់ថែមទៀត ប្រៀបបានដូចគេទៅសុំផ្លូវរបស់ក្រុមនោះជិះអញ្ចឹង»។
ពលរដ្ឋដដែលបន្ថែមថា មិនត្រឹមតែយកឡានមកឈប់ចោលនោះទេ ថែមទាំងបរិភោគ ម្ហូបអាហារ ហើយបោះចោលក្នុងលូទឹកស្អុយទៀត ដោយមិនបានខ្វល់ពីអ្នកដែលនៅជិតខាងសោះឡើយ ម្យ៉ាងទៀតក្រុមនេះ បាននោមដាក់របងផ្ទះគេ ដែលនៅក្បែរនោះ ទើបបណ្ដាលឲ្យមានបរិយាកាសមិនល្អ ដែលធ្វើឲ្យប៉ះពាល់សោភ័ណភាពទីក្រុង។
ប្រជាពលរដ្ឋ បានធ្វើការស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន រួមមានលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន ជាពិសេស លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យពីសុខទុក្ខ ក៏ដូចជាសុខភាពរបស់ពួកគាត់ផង កុំបណ្ដោយឲ្យមានបញ្ហានេះកើតឡើងទៀត៕